(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ «ចិន អាមេរិក និងអឺរ៉ុប ជាមិត្តរបស់ខ្ញុំទាំងអស់»

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ «ចិន អាមេរិក និងអឺរ៉ុប ជាមិត្តរបស់ខ្ញុំទាំងអស់» (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ទាំងប្រទេសចិន អាមេរិក និងប្រទេសនៅអឺរ៉ុបផង គឺសុទ្ធតែជាមិត្តរបស់សម្តេច ជាមិត្តរបស់កម្ពុជា ពោលកម្ពុជាមិនមានការរើសអើងចំពោះប្រទេសណាមួយនោះឡើយ។

ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគមួយចំនួន រួមទាំងលោក មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជាផងដែរ បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី កំពុងធ្វើនយោបាយការបរទេសដោយមានទំនោរទៅរកចិន ហើយបោះបង់ចោលអាមេរិក និងអឺរ៉ុប។

ក្នុងឱកាសថ្លែងសារពិសេសស្តីពីការដាក់ចេញវិធានការមួយចំនួន ឆ្លើយតបបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចកម្ពុជា ព្រោះតែបញ្ហាជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «COVID19» និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បុរសរដ្ឋដែលបានកាន់ចង្កូតនាវាកម្ពុជា ប្រមាណជា៤១ឆ្នាំមកហើយនោះ បានចាត់ទុកការលើកឡើងរបស់អ្នកទាំងនោះ គឺវាយតម្លៃខុសចំពោះគោលជំហរនយោបាយបរទេសរបស់សម្តេច។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា ទាំងប្រទេសចិន អាមេរិក និងអឺរ៉ុប គឺសុទ្ធតែជាមិត្តរបស់សម្តេច ហើយសម្តេចមិនត្រូវការបោះបង់ប្រទេសណា ហើយចាប់ប្រទេសណានោះដែរ គឺចាប់យកទាំងអស់។

មេដឹកនាំដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជារយៈពេលប្រមាណ៣៥ឆ្នាំរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «អ៊ីចឹងអ្នកឯងកុំនឹកស្មានថា ខ្ញុំបោះបង់អាមេរិក បោះបង់ចោលអឺរ៉ុប ទៅចាប់ចិនតែឯងនោះ។ អ្នកឯងកំពុងវាយតម្លៃខុសអំពីគោលជំហររបស់ខ្ញុំ មាស នី ខ្លួនឯងវាយតម្លៃខុស។ ខ្ញុំមិនបានបោះបង់ចោលអាមេរិក ហើយខ្ញុំក៏មិនបានបោះបង់ចោលអឺរ៉ុបដែរ។ ខ្ញុំនៅតែទំនាក់ទំនងទាំងអស់ជាមួយប្រទេសអឺរ៉ុប»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា អាមេរិក ក៏មិនដែលតម្រូវឱ្យកម្ពុជាជ្រើសរើសរវាងអាមេរិក និងចិននោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំជួបទូតអាមេរិកថ្ងៃមុន អាមេរិក ក៏បាននិយាយដែរថា អាមេរិកគ្មានតម្រូវការឱ្យធ្វើការជ្រើសរើសរវាងអាមេរិក និងចិនទេ។ តាំងពី ចន ឃើរី [អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក] ជំនាន់ អូបាម៉ា មកជួបខ្ញុំនៅទីនេះ។ ចន ឃើរី បានបញ្ជាក់ច្បាស់ថា អាមេរិកគ្មានតម្រូវការឱ្យកម្ពុជាជ្រើសរើសរវាងអាមេរិក និងចិនទេ។ ខ្ញុំក៏បានប្រាប់ ចន ឃើរី ភ្លាម បើឱ្យខ្ញុំរើស ក៏ខ្ញុំមិនរើសដែរ ខ្ញុំអត់មានត្រូវការជ្រើសរើសថា ត្រូវតែយកចិន ឬត្រូវយកអាមេរិក ខ្ញុំយកទាំងអស់។ ជាមិត្តភក្តិរបស់ខ្ញុំទាំងអស់»។

សម្តេចតេជោ បានអះអាងថា នយោបាយការបរទេសរបស់កម្ពុជាមិនមានការរើសអើងត្រូវតែចាប់ចិន ហើយមិនធ្វើការជាមួយប្រទេសដទៃនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកវិភាគលើបញ្ហាទំនាក់ទំនងការបរទេសរបស់កម្ពុជាមួយចំនួនទៅរៀនឡើងវិញ ចាំមកវិភាគលើកិច្ចការបរទេស៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv