(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍អង់គ្លេសបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍អង់គ្លេសបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងចង់ឃើញអង់គ្លេសក្លាយជាដៃគូគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសស្វាគមន៍ ចំពោះចក្រភពអង់គ្លេស ដែលចង់បង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងចង់ឲ្យអង់គ្លេសក្លាយជា ដៃគូយុទ្ធសាស្រ្ដរបស់អាស៊ានផងដែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅក្នុងវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា «ប្រសិនបើអង់គ្លេសចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា, កម្ពុជាស្វាគមន៍ជានិច្ច យើងអត់មានយល់ទាស់ទេ ហើយអង់គ្លេសក៏បានមកស្នើសុំយើង ដើម្បីឲ្យគាំទ្រទៅលើភាពជាដៃគូរវាងអង់គ្លេស និងអាស៊ានផងដែរ។ កម្ពុជាច្បាស់ជាគាំទ្រអង់គ្លេស ឲ្យក្លាយទៅជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយនឹងអាស៊ាន ព្រោះដៃគូមាន ដៃគូតាមវិស័យ និងដៃគូគ្រប់ជ្រុងជ្រោយ យើងចង់ឲ្យអង់គ្លេសក្លាជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាស៊ានតែម្ដង»។

សម្តេចតេជោបន្តថា ការដែលចង់ឲ្យអង់គ្លេសក្លាយជាដៃគូអាស៊ាននេះ ដោយមូលហេតុអង់គ្លេសក៏ជាសមាជិកមួយ ក្នុងចំណោមសមាជិកអចិន្រ្ដៃទាំង៥ របស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ។ អាស៊ានត្រូវមានកុងសង់ស៊ីស ហើយកម្ពុជានឹងពិភាក្សាជាមួយដៃគូដទៃទៀតរបស់អាស៊ាន ដើម្បីផ្ដល់នូវការគាំទ្រ សម្រាប់ការធ្វើភាពជាដៃគូរវាង អាស៊ាន ជាមួយអង់គ្លេស ក្នុងពេលដែលអង់គ្លេសបានចាកចេញពីអឺរ៉ុប។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន រំពឹងនឹងថាសម្រេចបាននៅខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សម្ដេចតេជោបានមានប្រសាសន៍ថា «ខ្ញុំអាចបញ្ជាក់ថា យើងចង់បានណាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូរនានា ឥឡូវយើងកំពុងចរចាជុំទី១ ជាមួយចិនរួចហើយ ជាការរំពឹងទុករបស់យើង ក្នុងខែវិច្ឆិកាឆ្នាំនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិននឹងរួចរាល់ ហើយប្រកាសដាក់ឲ្យប្រើ, ដាក់ឲ្យអនុវត្តន៍ ឬចុះហត្ថលេខា នៅពេលដែលនាយករដ្ឋមន្រ្ដីចិន មកចូលរួមប្រជុំអាស៊ីអឺរ៉ុប នៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា យើងកំពុងតែរៀបចំការចរចារ ជាមួយកូរ៉េខាងត្បូងអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។

សូមជម្រាបថា ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយចក្រភពអង់គ្លេស មានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនូវប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៅប្រទេសទាំងពីរ បានកើនឡើងដល់ជាង១ពាន់លានដុល្លារ ខណៈដែលការនាំចេញរបស់កម្ពុជា មានច្រើនលើសលុប ជាងអង់គ្លេសនាំចូលមកម្ពុជាវិញ។

នៅឆមាសទី១ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស គិតជាទឹកប្រាក់ចំនួន៤៦៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសចំនួន៤៥០លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកម្ពុជា មានចំនួន១៥លានដុល្លារ។

នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានទឹកប្រាក់១,០៨៣លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន១,០១៨លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា មានតែ៦៥លានដុល្លារប៉ុណ្ណោះ។

នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មមានទឹកប្រាក់១,០៤៤លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសចំនួន១,០១៤លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា ចំនួន៣០លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត៕



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv