(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជាត្រូវលុបចោល,...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជាត្រូវលុបចោល, មិនអនុញ្ញាតឲ្យមន្ត្រីទៅប្រជុំក្រៅប្រទេស (Video inside)

(ភ្នំពេញ)៖ ដោយសារខ្លាចការរាលដាលនៃមេរោគ COVID-19 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជាត្រូវលុបចោល ហើយសម្តេចដាក់បញ្ជាថា មន្ត្រីកម្ពុជាទាំងអស់ ក៏ត្រូវឈប់ចេញទៅឈប់ទៅប្រជុំនៅក្រៅប្រទេសផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ប្រមាណ៤០០នាក់ ប្រមុខដឹកនាំរាជរដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ការងារមួយទៀតផ្អាកការបញ្ជូនមន្ត្រីទៅប្រជុំនៅប្រទេសក្រៅ និងលុបចោលការប្រជុំអន្តរជាតិទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបញ្ជាដាច់ខាតកុំឲ្យមន្ត្រីកម្ពុជា ទៅប្រជុំនៅក្រៅក្នុងពេលហ្នឹង ហើយក៏ផ្អាកការប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជា។ កុំឲ្យអ្នកធ្វើដំណើរគ្នាពិបាកធ្វើដំណើរ ដូច្នេះលុបចោលការប្រជុំទៅ»។

សម្តេចតេជោ ក៏កំពុងពិនិត្យផងដែរថា តើកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប នឹងត្រូវធ្វើនៅចុងឆ្នាំ២០២០នេះដដែល ឬត្រូវលើកពេល ទៅឆ្នាំ២០២១? សម្តេចបានរំលឹកថា នៅប្រទេសជប៉ុន បានប្រកាសផ្អាកការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ព្រោះដើម្បីបង្ការការឆ្លងមេរោគ COVID-19 ។

សម្តេចបញ្ជាក់ថា៖ «សម្រាប់យើងក៏កំពុងពិនិត្យមើលដែរ បើសភាពការអូសបន្លាយ ប្រហែលជាកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប ក៏មិនត្រូវធ្វើនៅក្នុងឆ្នាំ២០២០ សុំលើកពេលទៅ ២០២១អីទៅ វាស៉ីសងទៅតាមការវិវត្តនៃសភាពការណ៍»។

សូមជម្រាបថា តាមការគ្រោងទុក កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប ឬហៅកាត់ថា ASEM លើកទី១៣ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ នឹងត្រូវរៀបចំឡើង នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ ការចូលរួមជាដៃគូក្នុងកិច្ចប្រជុំ ASEM ពិតជាមានសារៈសំខាន់ណាស់សម្រាប់ ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ។

បច្ចុប្បន្ននេះ ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៉ី និង៣០ប្រទេសមកពីអឺរ៉ុបព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងគណៈកម្មការអឺរ៉ុប ជារួម ប្រទេសដៃគូ ASEM តំណាងឲ្យ ៦៥% នៃសេដ្ឋកិច្ចពិភពលោកនិង ៦០% នៃប្រជាជនពិភពលោក ៥៥% នៃពាណិជ្ជកម្មពិភពលោក និង ៧៥% នៃទេសចរណ៍ពិភពលោក។ ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិក ASEM នៅឆ្នាំ២០០៤ មកយើងតែងផ្ដល់ដល់វេទិកា នេះជាវេទិកាដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៉ី-អឺរ៉ុប ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាច្រើន។

ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន ១៥នៃសហភាពអឺរ៉ុបនិង ប្រទេសចំនួន៧ នៃសមាជិកអាស៊ាន បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះអឺរ៉ុប បានទទួលស្គាល់ពីការ អភិវឌ្ឍការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៉ី ហើយគេចង់ពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

កិច្ចប្រជុំកំពូល ASEM គឺជាការជួបគ្នារវាងពីរឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋ និង រដ្ឋាភិបាល, ប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុប, ប្រធាន នៃស្នងការអឺរ៉ុប និង អគ្គលេខាធិការ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ ASEM ដែលធ្វើឡើងជាទៀងទាត់រៀងរាល់ ២ឆ្នាំម្តង បានក្លាយជាវេទិកាមួយយ៉ាងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.