(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន លើកយករឿង «មន្រ្តីគ្រាប់ល្ពៅ» មកនិទានជូនសិស្សសាលាភូមិន្ទរដ្ឋបាល...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន លើកយករឿង «មន្រ្តីគ្រាប់ល្ពៅ» មកនិទានជូនសិស្សសាលាភូមិន្ទរដ្ឋបាល ដើម្បីផ្តល់ដំបូន្មាន និងអនុសាសន៍ផ្សេងៗ ក្នុងការបម្រើរាស្ត្រ (Video inside)

(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខសិស្សសាលាភូមិន្ទរដ្ឋបាលជាង៦០០នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកយករឿង «មន្រ្តីគ្រាប់ល្ពៅ» មកនិទានជូនសិស្ស និងសិក្ខាកាមទាំងអស់បានស្តាប់ ដើម្បីផ្តល់ជាចំណេះដឹង ដំបូន្មាន និងអនុសាសន៍ផ្សេងៗ ជូនដល់សិស្សដែលជាមន្ត្រីរាជការ ក្នុងការពង្រឹងប្រសិទ្ធភាពលើការងាររបស់ពួកគេ ក្នុងការបម្រើប្រជារាស្ត្រ។

ការលើកយករឿង «មន្រ្តីគ្រាប់ល្ពៅ» នេះមកទិទានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ សិស្សដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅព្រឹកថ្ងៃនេះ រួមមានសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០, សិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងកម្មសិក្សាការី ឆ្នាំ២០១៨។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សសាលាភូមិន្ទនៅពេលពួកគេបញ្ចប់ការសិក្សា ដើម្បីផ្តល់នូវដំបូន្មាន និងអនុសាសន៍ផ្សេងៗជូនដល់សិស្សដែលជាមន្ត្រីរាជការ ក្នុងការពង្រឹងប្រសិទ្ធភាពលើការងាររបស់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនដល់សិក្ខាកាមដែលជាមន្ត្រីរដ្ឋបាលទើបបញ្ចប់ការសិក្សាទាំងអស់ ត្រូវខិតខំបំពេញការងារ និងយកចំណេះដឹងរបស់ខ្លួន បានសិក្សាពីសាលាយកទៅបម្រើផលប្រយោជន៍ជាតិដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសដាក់ផលប្រយោជន៍របស់ប្រជាជនធ្វើជាស្នូល ដើម្បីបម្រើសេវាសាធារណៈនានាជូនប្រជាជពលរដ្ឋឱ្យមានទាន់ពេលវា និងមានតម្លាភាព គ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឮកដល់មន្ត្រីទាំងអស់ ឱ្យខិតខំធ្វើការងារ ដើម្បីកុំឱ្យក្លាយទៅជាមន្ត្រីគ្រាប់ល្ពៅឱ្យសោះ ដូច្នេះ រឿងមន្ត្រីគ្រាប់ល្ពៅនេះដែរ សម្តេចថា នៅតែនិទានបើទោះបីវគ្គណាក៏ដោយ ហើយសម្រាប់រឿងមន្ត្រីគ្រាប់ល្ពៅនេះដែរ គឺសម្តេចនិទាន ១ឆ្នាំនិទានរឿង មន្ត្រីគ្រាប់ល្ពៅម្តង ដើម្បីឱ្យមន្ត្រីទាំងអស់ បានយល់ដឹងពីតួនាទីរបស់ខ្លួនជាមន្ត្រីរាជការបម្រើរាស្ត្រ។

សម្តេចតេជោ ហ៊ុន សែន បាននិទានយ៉ាងដូច្នេះថា៖ «ស្អីទៅមន្ត្រីគ្រាប់ល្ពៅ? យ៉ាងហោចណាស់ ១/៣ នៃម នុស្ស ធ្លាប់បានស្តាប់និទាន របស់ខ្ញុំលើរឿងមន្ត្រីគ្រាប់ល្ពៅ មន្ត្រីគ្រាប់ល្ពៅ គឺវានៅត្រង់នេះ ព្រះរាជាមួយព្រះអង្គចង់ដឹងអំពីមន្ត្រីរបស់ព្រះអង្គ វាយ៉ាងម៉េច ព្រះរាជាក៏បានយកគ្រាប់ល្ពៅស្ងោររួច យកមកដើម្បីនឹងផ្តល់ឱ្យមន្ត្រី មានឧបរាជ មហាឧបរាជ និងមន្ត្រីគ្រប់សព្វមុខមន្ត្រី ដែលមានមន្ត្រីខ្លះយកច្រើន មន្ត្រីខ្លះក៏យកច្រើន ដើម្បីយកទៅដាំ រហូតដល់ព្រះរាជាគិតថាផ្លែល្ពៅវាធំ និងទុំហើយ ព្រះរាជាក៏បានកោសហៅមន្ត្រីមកជុំគ្នា វាកើតចេញជាមនុស្ស ៤ប្រភេទ ដឹកផ្លែល្ពៅមកតែម្តង»។

បើតាមការនិទានរបស់សម្តេចតេជោ ពាក់ព័ន្ធនឹងមន្ត្រីគ្រាប់ល្ពៅនេះដែរ គឺមានប្រភេទមន្ត្រីចំនួន៤ គឺមន្រ្តីប្រភេទទី១៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រ តែត្រូវកងការពារព្រះរាជវាំងមិនឱ្យដឹកចូល, មន្រ្តីប្រភេទទី២៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ, មន្រ្តីប្រភេទទី៣៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំនោះទេ និងមន្រ្តីប្រភេទទី៤៖ បានទូលស្តេចដោយត្រង់ៗថា ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ តើដាំឱ្យដុះម្តេចទៅ?។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា មន្រ្តីប្រភេទទី៤វិញ សម្តេចតេជោក៏បានថ្លែងបង្ហាញការពេញចិត្តពេញថ្លើមបំផុត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាល ហ្វឹកហាត់ និងដំឡើងស័ក្តិបន្ថែម ព្រោះហ៊ាននិយាយពិត និយាយត្រង់។ សម្រាប់ប្រភេទទី២ និងទី៣ មិនគ្រោះថ្នាក់នោះទេ។ មន្រ្តីប្រភេទទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកប្រភេទមន្រ្តីនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសនាំគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកដល់មន្ត្រីទាំងអស់ត្រូវតែរំឮក និងដាស់តឿនខ្លួនឯងជាប្រចាំថា ខ្លួនមិនមែនជាចៅហ្វាយ របស់ប្រជាពលរដ្ឋនោះទេ គឺខ្លួនជាមន្ត្រី ដើម្បីជាប្រជាពរដ្ឋ ដូច្នេះ ត្រង់ចំណុចនេះដែរ សម្តេចតេជោ ក៏បានប្រើដល់មន្ត្រីរាជការទាំងអស់ សូមកុំឱ្យក្លាយខ្លួនជាមន្ត្រីប្រភេទទី១ ឱ្យសោះ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv