(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញឆន្ទៈសាងសង់ផ្លូវថ្មីមួយខ្សែតភ្ជាប់ពីខេត្តបាត់ដំបង ទៅ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន បង្ហាញឆន្ទៈសាងសង់ផ្លូវថ្មីមួយខ្សែតភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប ដែលចំណេញចម្ងាយ៦៩គីឡូម៉ែត្រ (Video inside)

(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងបង្ហាញនូវឆន្ទៈក្នុងការស្ថាបនាផ្លូវថ្មីមួយខ្សែទៀត តភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប-អង្គរ ដែលផ្លូវនេះអាចកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងអញ្ជើញជាអធិបតីភាពប្រកាស បើកពិធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងខំរៀបចំដើម្បីកសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង ជាមួយនឹងខេត្តសៀមរាប ដែលផ្លូវនោះនឹងធ្វើ អាចជួយកាត់បន្ថយចំណាយនៃការធ្វើដំណើរ ដែលមុននេះធ្វើដំណើរពីបាត់ដំបង ទៅបន្ទាយមានជ័យ ហើយទៅកាន់ខេត្តសៀមរាប ប្រៀបធៀបនឹងផ្លូវថ្មី យើងអាចចំណេញរហូតដល់៦៩គីឡូម៉ែត្រ ដែលជាការតភ្ជាប់មួយក្នុងចំណោម នៃការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «ចំណុចនេះ គឺស្ថិតនៅក្នុងបេក្ខភាពគំរោងនៅឆ្នាំ២០២១ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះ យើងនឹងរកឥណទាន ដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់ សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីក្នុងខេត្តរបស់ខ្លួន បានតភ្ជាប់ជាមួយនឹងខេត្តជុំវិញ រួមមានខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ហើយតភ្ជាប់ទៅពោធិ៍សាត់ និងតភ្ជាប់ទៅខេត្តកោះកុង»។

ជាមួយនឹងការប្រកាសអំពីឆន្ទៈ ក្នុងការសាងសង់ផ្លូវមួយខ្សែថ្មីនេះហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យមានការថែរក្សា ឲ្យបានល្អនូវព្រលានយន្តហោះខេត្តបាត់ដំបង (ព្រលានយន្តហោះបែកចាន) បើទោះបីបច្ចុប្បន្នព្រលានយន្តហោះនេះ មិនទាន់មានភាពចាំបាច់ក្នុងការសាងសង់ក្តី ប៉ុន្តែនៅពេលអនាគត នឹងត្រូវបានការអភិវឌ្ឍន៍ជាចាំបាច់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បើទោះបីរយៈពេលនេះមិនទាន់ត្រូវការ ក៏ប៉ុន្តែនៅពេលខាងមុខនេះ យើងច្បាស់ជាត្រូវការនូវព្រលានយន្តហោះសម្រាប់ ខេត្តបាត់ដំបង ដូច្នេះបានជាខ្ញុំស្នើឲ្យឯកឧត្តមអភិបាលខេត្ត ស្នើឲ្យសម្តេចក្រឡាហោម ស ខេង យកចិត្តទុកដាក់ទៅលើការគ្រប់គ្រង ដីធ្លីនៅក្នុងតំបន់នេះ និងជៀសវាងនូវការកសាងសំណង់ខ្ពស់ ដែលវាអាចប៉ះពាល់ដល់ការហោះហើរ នៅពេលដែលយើងពង្រីកនូវព្រលានយន្តហោះមួយនេះ»។

សម្តេចតេជោបានថ្លែងទៀតថា បើទោះបីព្រលានយន្តហោះបាត់ដំបង មិនអាចក្លាយជាព្រលានយន្តហោះអន្តរជាតិក្តី ប៉ុន្តែនៅពេលប្រជាជនមានការរីកចម្រើនផ្នែកជីវភាព តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែខ្ពស់ ដូច្នេះតម្រូវឲ្យមានការហោះហើរក្នុងស្រុក ទើបត្រូវរៀបចំចក្ខុវិស័យទុកជាមុនបែបនេះ៕




* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv