(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹងអញ្ជើញទៅខេត្តសៀមរាប ដើម្បីទប់ស្កាត់

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹងអញ្ជើញទៅខេត្តសៀមរាប ដើម្បីទប់ស្កាត់ការភ័យខ្លាច Covid-19 ហួសហេតុ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងអញ្ជើញទៅខេត្តសៀមរាប ដើម្បីទប់ស្កាត់ការភ័យខ្លាចហួសហេតុរបស់ប្រជាពលរដ្ឋ លើករណីឆ្លងជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Covid-19 ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់។ ការប្រកាសនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នករស់នៅខេត្តសៀមរាប មានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីមានបុរសវ័យ ៣៨ឆ្នាំម្នាក់ក្នុងខេត្តនេះ បានឆ្លងមេរោគ Covid-19 ពីជនជាតិជប៉ុន កាលពីពេលថ្មីៗនេះ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ពិតមែនហើយ យើងបានយកសំណាកភរិយាគាត់ និងក្រុមគ្រួសារគាត់មកធ្វើតេស្ត ហើយសំណាកនោះគ្មានវីរ៉ុសទេ។ ប៉ុន្តែយើងត្រូវស្វែងរកតទៅទៀត នូវអ្នកដែលមានការពាក់ព័ន្ធដើម្បីយកសំណាក ហើយបន្ទាប់ពីនោះទៅ ខ្ញុំកូណាខ្ញុំគិតថា ខ្ញុំកូណាខ្ញុំនឹងទៅសៀមរាប ដើម្បីមើលឲ្យផ្ទាល់។ កុំមានការភ័យខ្លាចហួសជ្រុល ព្រោះក្នុងប៉ុន្មានថ្ងៃនេះ មានការភ័យខ្លាចច្រើនហួស រហូតដល់អ្នកខ្លះទៅទិញអង្ករ ទិញមី យកមកស្តុកទុក»។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានថ្លែងការកោតសរសើរ ដល់គ្រូពេទ្យដែលបានប្រឹងប្រែងយកសំណាករបស់អ្នកពាក់ព័ន្ធ និងក្រុមគ្រួសាររបស់បុរស ដែលបានឆ្លង Covid-19 ទៅពិនិត្យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកភរិយា និងសាច់ញាតិរបស់បុរសវ័យ៣៨ឆ្នាំរូបនេះ មានភាពក្លាហាន ដែលបានចេញមកបកស្រាយលើបញ្ហា Covid-19 ផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញមេរោគ Covid-19 មួយករណីទៀត កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ដែលឆ្លងមេរោគ Covid-19 ដែលបានចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។

ការរកឃើញជំងឺ Covid-19 ថ្មីនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានយកកំហាកមនុស្សសង្ស័យ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនរូបនោះ។ ប៉ុន្តែទោះយ៉ាងនេះក្តីមនុស្ស៣នាក់ ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល កំពុងតាមដានរយៈពេល១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក។

ស្របពេលជាមួយគ្នានេះ សមាជិក៣នាក់ ដែលជាក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ត្រូវបានធ្វើតេស្តស្វែងរកមេរោគ Covid-19 រួចហើយ ដោយលទ្ធផលអវិជ្ជមាន បានសេចក្តីថា អ្នកទាំង៣នាក់មិនមានផ្ទុះវីរុស Covid-19 នោះឡើយ។

លើសពីនេះ ប្រពន្ធ និងសមាជិកគ្រួសារ២នាក់ទៀត របស់បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំដែលឆ្លង Covid-19 នៅក្រុងសៀមរាប នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ បានបង្ហោះវីដេអូអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំជ្រួលច្របល់ខ្លាំងពេកជាមួយមេរោគ Covid-19 នេះ ព្រោះថាសូម្បីរូបគាត់នៅផ្ទាល់ជាមួយប្តី ដែលជាអ្នកឆ្លងជំងឺនេះក៏មិនត្រូវបានចម្លង ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែស ភ្លេចធ្វើអនាម័យនោះទេ។ ជាមួយគ្នានេះ អ្នកទាំង៣នាក់ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀបរាប ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខភាពពួកគាត់៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv