(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានកន្លែងមើលសត្វនិងលេងទឹកធំ ដូចប្រទេសដទៃនៅតំបន់អភិវឌ្ឍន៍.

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានកន្លែងមើលសត្វនិងលេងទឹកធំ ដូចប្រទេសដទៃនៅតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះបានបញ្ជាក់ឲ្យដឹងថា កម្ពុជាមានកន្លែងមើលសត្វ និងលេងទឹកធំ ដូចប្រទេសដទៃ នៅតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ហើយមានឋានសួគ៌រលក និងអាណាចក្រទឹក ធំជាងគេ នៅក្នុងក្របខណ្ឌអាស៊ាន។

ការបញ្ជាក់យ៉ាងដូច្នេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលអញ្ជើញទស្សនកិច្ច និងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ដែលជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេ នៅក្នុងប្រទេសកម្ពុជា និងបានបោះទុនវិនិយោគ សរុបជាង៤៤លានដុល្លារអាមេរិក ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងធ្លាប់ឃើញនៅប្រទេសគេ យើងបានឃើញនៅក្នុងប្រទេសយើង គឺនៅក្នុងតំបន់នេះ (តំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់) ជាលើកដំបូង ដូចជាសួនសត្វ ដែលពីមុនធ្លាប់ទៅមើល នៅឯប្រទេសថៃ និងក្រោយមកមើលនៅកោះកុង របស់ឧកញ៉ា លី យ៉ុងផាត់ ប៉ុន្ដែឥលូវយើងបានមកមើលនៅទីនេះ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «យើងធ្លាប់មើលសត្វ នៅឯសិង្ហបុរី ឥលូវយើងក៏មានសត្វដូចគ្នា នៅកម្ពុជាដែរ ហើយយើងធ្លាប់ទៅមើលកន្លែងគេ ដែលយើងឃើញ អំពីការបញ្ចាំងរូបភាព តាមទូរទស្សន៍, Youtube, ឬតាម Facebook នៅកន្លែងលេងទឹកនានា ក៏ប៉ុន្ដែឥលូវនេះ យើងក៏មានកន្លែងនេះ (តំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់) ដូចគ្នា»។

បើតាមសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យោងទៅលើអ្វី ដែលជាការសិក្សា នៅក្នុងក្របខណ្ឌអាស៊ាន សួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ គឺជាសួនទឹក មានឋានសួគ៌រលកធំជាងគេ ដែលមានផ្ទៃរហូតទៅដល់៤,៥០០ម៉ែត្រការ៉េ, កម្ពស់រហូតទៅដល់៣ម៉ែត្រ និងមានអាណាចក្រទឹកធំជាងគេ ដែលអាចលេងបាន៣០០នាក់ នៅក្នុងពេលតែមួយ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សួនទឹក «ហ្គាឌិនស៊ីធី» អាចទទួលភ្ញៀវបានរហូតដល់ ទៅជាង៧ពាន់នាក់ ប៉ុន្ដែក្នុងដំណាក់កាលកូវីដ-១៩ ក្រសួងសុខាភិបាល បានណែនាំឲ្យទទួលត្រឹមតែ៥០ភាគរយប៉ុណ្ណោះ។ សម្ដេចតេជោ បានថ្លែងថា សួនទឹកនេះ អាចនិយាយបានថា អ្នកដែលចង់មកលេងសមុទ្រ ក៏មកលេងបាន ដែលចង់មកលេងទន្លេមេគង្គ ក៏មកលេងបាន ហើយអ្នកដែលចង់មកលេងរបៀបផ្សេងៗទៀត ក៏មកលេងបានដូចគ្នា។

សូមជម្រាបថា សួនទឹក «ហ្គាឌិនស៊ីធី» ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង៨ហិកតា ដោយចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុង នៅខែកក្កដា ឆ្នាំ២០២០។ សួនទឹកនេះ មានឧបករណ៍សម្រាប់លេងកម្សាន្តទាំងអស់ ចំនួន៣៨ ដែលទាន់សម័យ និងមានគុណភាពល្អ ដោយបាននាំចូលពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

ឧបករណ៍លេងកម្សាន្តទាំងនេះ ត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យទាំងវ័យកុមារ ជំទង់ យុវវ័យ និងវ័យចំណាស់ផងដែរ។ ក្រៅពីមានកន្លែងលេងទឹកហើយនោះ នៅក្នុងសួននេះ ក៏មានភោជនីយដ្ឋានបម្រើអាហារដ្ឋានមានទាំងអាហារខ្មែរ បារាំង និងកញ្ចុសសម្រាប់អង្គុយ លេងកម្សាន្តផងដែរ។ សម្រាប់តម្លៃសំបុត្រចូលលេង កម្សាន្តវិញ មនុស្សធំតម្លៃ១៥ដុល្លារអាមេរិក កូនក្មេង និងមនុស្សចាស់តម្លៃ៩ដុល្លារ។ បើកដំណើរការពីម៉ោង១០ព្រឹក ដល់ម៉ោង៦ល្ងាច៕



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.