(ប្រសាសន៍ដើម)៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាពិចារណាក្នុងការដាក់ប្រទេសអ៉ីរ៉ង់ ជាប្រទេសហាមចូល...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាពិចារណាក្នុងការដាក់ប្រទេសអ៉ីរ៉ង់ ជាប្រទេសហាមចូល ដើម្បីទប់ស្កាត់ជំងឹ Covid-19 (Video inside)

(បាត់ដំបង)៖ ថ្លែងចេញពីខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ឲ្យដឹងថា កម្ពុជាអាចពិចារណា ដាក់ប្រទេសអ៉ឺរ៉ង់មួយទៀត ជាប្រទេសហាមចូលប្រទេសកម្ពុជា បន្ទាប់ពីពិនិត្យឃើញថា ប្រទេសអ៉ឺរ៉ង់ មានការខ្វះចន្លោះ ខណៈដែលប្រទេសមួយនេះ កំពុងតែមានការឆ្លងរីករាលដាល ជំងឺ Covid-19។

ការគូបបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ប្រកាសបើកពិធីបុណ្យទន្លេ លើកទី៦ នៅក្នុងខេត្តបាត់ដំបង ដែលមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតប្រទេសជាមិត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងពិនិត្យមើលប្រទេសអ៉ឺរ៉ង់មួយទៀត ដែលមានការខ្វះចន្លោះ ឬអាចមិនទាន់គិតដល់ពីសំណាក់ក្រសួង សុខាភិបាល ប្រទេសអ៉ឺរ៉ង់ ក៏ជាប្រទេសកំពុងមានការឆ្លងរីករាលដាល (Covid-19) យើងអាចដាក់ចូលក្នុងបញ្ជី នៃការផ្អាកធ្វើដំណើរ នៃពលរដ្ឋអ៉ឺរ៉ង់ ចូលមកកាន់កម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដែលជាវិធានផ្ទៃក្នុងរបស់យើង ដើម្បីធានាសុវត្ថិភាពសម្រាប់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប»។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុសកូរ៉ូណា ឬ Covid-19 តាមរយៈនៃសកម្មភាពផ្តើមចេញ ពីមនុស្សម្នាក់គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធ្វើអនាម័យ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ សហគមន៍របស់យើង ក៏ដូចជាជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ព្រមទាំងបណ្តាប្រព័ន្ធផ្សព្វផ្សាយ យកឃ្លីបវីដេអូលើកដៃសំពះគ្នាទៅវិញ ទៅមកពីសំណាក់ថ្នាក់ ដឹកនាំបណ្តាប្រទេសនានា នៅក្នុងប្រទេសអឺរ៉ុបជំនួសឲ្យការចាប់ដៃគ្នា។ ដោយឡែកឃ្លីបវីដេអូនៃការចាប់ដៃគ្នាធ្វើឲ្យឆ្លង ដល់អ្នកដទៃជាបន្តបន្ទាប់ រាប់ទាំងក្រុមគ្រូពេទ្យ ដូច្នេះវីដេអូនេះ ក៏គួរតែយកទៅផ្សព្វផ្សាយបន្ត ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ពីការការពារនៃការចម្លងវីរុស កូរ៉ូណា ឬ Covid-19 នេះជាដើម។

សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។

សូមជម្រាបផងដែរថា ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៉ីរ៉ង់ ទើបតែបានបញ្ចេញរបាយការណ៍ថ្មីថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺរាតត្បាតសកល COVID-19 បានកើនឡើងដល់ ៦១១នាក់ហើយ នៅក្នុងចំណោមអ្នកឆ្លងសរុប ១២,៧២៧ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv