(ប្រសាសន៍ដើម)៖ សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានណា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(ប្រសាសន៍ដើម)៖ សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានណា ដែលលក់ម៉ាស់ថ្លៃហួសហេតុ (Video inside)

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានព្រមានប្រើកណ្ដាប់ដៃដែក បិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយណា ដែលនៅបន្ដលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវការម៉ាស់ ដើម្បីចូលរួមការពារ ទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាល។

សារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ មុននឹងពួកគេចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។

បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់ចាត់វិធានការរឹបអូសម៉ាស់ដែលកំពុងដាក់លក់នោះហើយ សមត្ថកិច្ចនឹងឈានទៅដល់ការបិទឱសថស្ថាន មិនឲ្យដំណើរការជារៀងរហូត ដើម្បីឲ្យរៀងចាលដែលចំណុចនេះសម្ដេចកំពុងសិក្សាផ្លូវច្បាប់ និងឈានទៅអនុវត្តតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងឈានដល់ការរឹបអូសម៉ាស់ចេញពីហាងទាំងអស់ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់ បើអ្នកឯងនៅតែបន្ដឡើងថ្លៃ ទៅរឹបអូសយកតែម្ដង ដាក់បញ្ជារឹបអូសតែម្ដង។ កុំឲ្យវាយកស៉ីតទៅទៀត ហើយបិទឱសថស្ថានចោលតែម្ដង។ ទម្លាក់ថ្លៃទាន់ពេលដែលរដ្ឋាភិបាលប្រើកណ្ដាប់ដៃដែក បិទលើកនេះបិទមិនឲ្យអ្នកឯងរកស៉ី មិនត្រឹមតែដកម៉ាស់ទេ បិទមិនឲ្យរកស៉ីមួយជីវិតដើម្បីឲ្យរាងចាល»។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល ស្រាវជ្រាវ និងពិនិត្យជាបន្ទាន់ទៅលើឱសថស្ថានទាំងឡាយណាដែលលក់ម៉ាស់ ឡើងថ្លៃហួសហេតុ និងពិនិត្យរាល់ករណីដែលប្រជាពលរដ្ឋរាយការណ៍។ វិធានការនេះ សម្ដេចបានចាត់ទុកថា ដោយសារណែនាំទៅម្ចាស់ទីតាំងមិនស្ដាប់ ទើបប្រើចំណាត់ការនេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់ក្រុមការងារបក្សប្រជាជនកម្ពុជា និងសមាជិកសភា ឲ្យទិញក្រមា ម៉ាស់ចែកជូនប្រជាពលរដ្ឋ និងត្រូវផ្សព្វផ្សាយសាររួមគ្នា ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លង COVID-19 នៅក្នុងប្រទេសកម្ពុជា ហើយអំឡុងពេលនេះ សូមប្រជាពលរដ្ឋកុំចេញពីផ្ទះប្រសិនមិនមានករណីចាំបាច់។

គួរជម្រាបថា បន្ទាប់ពីផ្ទុះការរីករាលដាលជំងឺ COVID-19 ហើយតម្រូវឲ្យប្រជាពលរដ្ឋប្រើប្រាស់ម៉ាស់ ដើម្បីពាក់ការពារនោះ ស្រាប់តែតម្លៃម៉ាស់ ដែលកំពុងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ហាក់មានការកើនឡើងយ៉ាងខ្លាំង ដោយតម្លៃធម្មតា ប្រមាណ៣ដុល្លារមួយប្រអប់ (៥០ម៉ាស់) បានកើនដល់រង្វង់២០ដុល្លារក្នុងមួយប្រអប់។

សូមរំលឹកថា គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។ ជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.