(ប្រសាសន៍ដើម)៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្មករជាង១.៨ម៉ឺននាក់ បាត់បង់ការងារ ក្រោយរោងចក្រខ្លះសុំព្យួរ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្ដេចតេជោ ហ៊ុន សែន៖ កម្មករជាង១.៨ម៉ឺននាក់ បាត់បង់ការងារ ក្រោយរោងចក្រខ្លះសុំព្យួរ ដោយសារខ្វះវត្ថុធាតុដើមនាំចូលពីចិន (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញ មានកម្មករ កម្មការិនី ប្រមាណជាង១៨,០០០នាក់ ហើយដែលបានបាត់បង់ការងារធ្វើ បន្ទាប់ពីរោងចក្រខ្លះសុំព្យួរការងារ ព្រោះតែកង្វះវត្ថុធាតុដើម ដោយសារផ្ទុះឡើង នៃកូវីដ១៩នៅប្រទេសចិន។

ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា បើទោះបីកម្មករទាំងអស់នោះ ត្រូវបានព្យួរការងារបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្ដែក៏នៅទទួលបានប្រាក់បៀវត្សន៍៦០ភាគរយផងដែរ ដោយក្នុងនោះថៅកែរោងចក្រ ផ្ដល់៤០ភាគរយ និងរដ្ឋផ្ដល់២០ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មកដល់ត្រឹមពីម្សិលមិញនេះ កម្មករដែលគេស្នើសុំព្យួរប្រមាណ២០រោងចក្រនោះ មានចំនួនកម្មករ ជាង១៨,០០០នាក់ ដែលបានបាត់បង់ការងារ និងសណ្ឋាគារ៣នៅខេត្តសៀមរាប ដែលមានកម្មករជិត៣០០នាក់ ដែលក្រៅពីថៅកែរោងចក្រផ្ដល់៤០ភាគរយ រដ្ឋត្រូវផ្ដល់២០ភាគរយ»។

សូមជម្រាបថា កន្លងទៅលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅអំឡុងខែមីនា ឆ្នាំ២០២០នេះ រោងចក្រនៅរាជធានីភ្នំពេញ ប្រមាណ២០០រោងចក្រ ប្រឈមនឹងការបិទទ្វារ ដោយសារកង្វះវត្ថុធាតុដើមដែលនាំចូលពីប្រទេសចិន ដោយសារបញ្ហា Covid-19។ ក្នុងចំណោមរោងចក្រទាំង២០០ ដែលប្រឈមនឹងនេះ អាចធ្វើឲ្យកម្មករ កម្មការិនី ប្រមាណ១៦ម៉ឺននាក់ អត់ការងារធ្វើ។

ដើម្បីដោះស្រាយភ្លាមៗនូវបញ្ហាប្រឈមទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ សហការជាមួយភាគីចិន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលចិនផ្ដល់នូវអាទិភាពក្នុងការផ្គត់ផ្គង់ជូនមកប្រទេសកម្ពុជា ដែលបង្កលក្ខណៈឲ្យកង្វះវត្ថុធាតុដើមនេះ មានរយៈពេលខ្លី។ នេះបើតាមការលើកឡើង របស់លោក ហេង សួរ។

លោក ហេង សួរ បានគូសបញ្ជាក់ថា ការរំខាន នៃសង្វាក់ផលិតកម្មនៅប្រទេសចិន គឺពិតជាបានធ្វើឲ្យមានការប៉ះពាល់ទៅដល់សង្វាក់ផលិតកម្ម នៅក្នុងពិភពលោកទាំងមូលតែម្ដង ពិសេសនៅក្នុងតំបន់អាស៉ី។ លោកថា សូម្បីតែប្រទេសជប៉ុន កូរ៉េ ក៏បានផ្អាកនូវសង្វាក់ផលិតកម្មរបស់ខ្លួនមួយចំនួនទៅហើយ ដោយសារកង្វះវត្ថុធាតុ ឬផលិតផលពាក់កណ្ដាលសម្រេចដែលតែងទទួលយកពីប្រទេសចិន។

ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិលេខ៥៨ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ភាគីចិន ចង់ឲ្យមានការដឹកជញ្ជូនក្រណាត់ តាមរយៈយន្ដហោះ មកកម្ពុជាផ្ទាល់តែម្ដង ដើម្បីដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម។

បញ្ហាប្រឈមនឹងការកង្វះវត្ថុធាតុដើម ដែលនាំចូលមកពីប្រទេសចិននេះ ក៏ដោយសាររោងចក្រមួយចំនួននៅប្រទេសចិន ត្រូវបានបិទទ្វារ ក្រោយមានផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 ដែលធ្វើឲ្យមានការរីករាលដាលជាបន្ដបន្ទាប់ ហើយមិនមែនតែកម្ពុជានោះទេ ដែលប្រឈមនឹងការបិទទ្វាររោងចក្រ ពោលនៅប្រទេសជាច្រើនផ្សេងទៀត បានបិទទ្វាររួចទៅហើយដោយសារតែកង្វះវត្ថុធាតុដើម។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សំណើនេះសម្ដេចគិតថា ភាគីចិនអាចធ្វើទៅបាន ព្រោះយន្ដហោះចិនមានច្រើនគ្រឿង ដូច្នេះមានតែជម្រើសដឹកជញ្ជូន តាមយន្ដហោះទេ ទើបអាចសង្គ្រោះកុំឲ្យកម្មករ កម្មការិនីរបស់កម្ពុជា ពីការបិទទ្វាររោងចក្រ ដោយសារបញ្ហាខ្វះវត្ថុធាតុដើមនេះបាន៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv