(ប្រសាសន៍ដើម)៖ សម្ដេចតេជោ ហ៊ុន សែន៖ អ្នកមានទោសក្នុងរឿងក្បត់ជាតិ ត្រូវតែផ្ដន្ទាទោសតាមច្បាប់គ្មាន...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្ដេចតេជោ ហ៊ុន សែន៖ អ្នកមានទោសក្នុងរឿងក្បត់ជាតិ ត្រូវតែផ្ដន្ទាទោសតាមច្បាប់គ្មានលើកលែងនោះឡើយ (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា អ្នកដែលមានទោសក្នុងសំណុំរឿងក្បត់ជាតិ ត្រូវតែផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន ហើយពេលសាលក្រមចេញមក គឺត្រូវតែជាប់ទោស គ្មានលើកលែងនោះឡើយ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ៣,៤៥៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា នៅពេលជាប់ទោសហើយ ត្រូវបញ្ជូនទៅពន្ធនាគារ តែមិនមែនពន្ធនាគារត្រពាំងថ្លុងស្ថិតក្នុងខេត្តត្បូងឃ្មុំនោះទេ ពោលគឺពន្ធនាគារនៅកន្លែងផ្សេង។

បើទោះបីសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍មិនបានបញ្ចេញឈ្មោះចំទៅលើបុគ្គលណា ដែលពាក់ព័ន្ធទោសក្បត់ជាតិនោះ ក៏គេអាចសន្និដ្ឋានបានថា គឺសំដៅទៅលើលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការសវនាការ ពាក់ព័ន្ធសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស»។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិនអាចឲ្យអាអ្នកត្រូវជាប់ទោស មិនបានកាត់ទោសនោះទេ។ ហើយម្ដងនេះ មិនមែនត្រពាំងថ្លុង (ពន្ធនាគារត្រពាំងថ្លុង) ប្រាប់ឲ្យហើយគឺកន្លែងផ្សេង តែសាលក្រមចេញហើយ ដាក់ហើយគ្មានទុកទេ។ ហើយស្អីចង់ឲ្យកម្ពុជា ធ្វើទៅតាមបំណងទាមទាររបស់គេ ដោយមិនអនុវត្តច្បាប់របស់ខ្លួន ចឹងមានន័យអីបន្ដទៀត បើអ្នក ឯងមិនពេញចិត្តទេអ្នកឯងចេញទៅបម្រើគេទៅ កុំនៅស្រុកខ្មែរ»។

ការមានប្រសាសន៍យ៉ាងដាច់ណាត់របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការអនុវត្តច្បាប់ទៅលើសំណុំរឿងក្បត់ជាតិនេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវ ឲ្យតុលាការកម្ពុជាទម្លាក់ចោលបទចោទ ចំពោះលោក កឹម សុខា ជាថ្នូរនឹងការផ្ដល់ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងតែអាវុធ (EBAs) មកកម្ពុជាវិញ ក្រោយសហភាពអ៉ឺរ៉ុបកាន់ផ្ដាច់២០ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានសង្កត់ធ្ងន់ថា កម្ពុជាមានការទទួលខុសត្រូវចំពោះជាតិរបស់ខ្លួន មិនអាចទុកឲ្យអ្នកដែលបំផ្លាញជាតិ បានរួចខ្លួនទាល់តែសោះហើយ ដំណើរការផ្លូវច្បាប់នៅក្នុងតុលាការនៅតែបន្ដ អត់មានថយក្រោយទេ ហើយសម្ដេចអះអាងថា ប្រទេសផ្សេងអនុវត្តតាមច្បាប់ របស់គេផ្សេង ហើយកម្ពុជាក៏មានសិទ្ធិអនុវត្តច្បាប់តាមកម្ពុជាដូចគ្នាដែរ។

សូមរំលឹកថា សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា បន្ទាប់ពីដំណើរការស៊ើបអង្កេតអស់រយៈពេលជាងពីរឆ្នាំ ត្រូវបានលើកមកជំនុំជម្រះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។ រហូតមកដល់ពេលនេះ សវនាការបានជជែកដេញដោលបញ្ចប់លើអង្គហេតុបង្កើត និងដំណើរការគណបក្សសិទ្ធិមនុស្ស ដែលជាអង្គហេតុស្ថិតនៅក្នុងឆ្នាំ២០០៧ ដល់ឆ្នាំ២០១២៕
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv