(ប្រសាសន៍ដើម)៖ នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាទិញម៉ាស៣លាន ពីក្រៅប្រទេស និងអាវពេទ្យ៥ពាន់កំប្លេ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាទិញម៉ាស៣លាន ពីក្រៅប្រទេស និងអាវពេទ្យ៥ពាន់កំប្លេ (Video inside)

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រី​នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានបញ្ជាទិញម៉ាសប្រមាណ ៣លានម៉ាសពីក្រៅប្រទេស ដោយសារតែយើងមានការខ្វះខាត ហើយក៏បញ្ជាទិញអាវពេទ្យចំនួន ៥ពាន់កំប្លេផងដែរ។

ការអះអាងរបស់សម្តេចតេជោប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា​ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯវិមានរដ្ឋសភា បន្ទាប់ពីរដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានបញ្ជាទិញម៉ាសចំនួន ៣លាន ដែលអាចដឹកពីក្រៅមកវិញ ព្រោះនៅប្រទេសយើងអត់គ្រប់ និងសម្ភារសម្រាប់ក្រុមគ្រូពេទ្យ អាវគ្រូពេទ្យ ចំនួន៥ពាន់សម្រាប់ ដែលនឹងត្រូវដកយកពីប្រាក់សប្បុរសជនចូលរួមនេះ។ នេះជាការបញ្ជាទិញ បន្ថែមលើអ្វីដែលក្រសួងសុខាភិបាលស្តុកទុក ព្រោះឃើញថាយើងបញ្ចេញប្រើរាល់ថ្ងៃ»។

សម្តេចបានចាត់ទុកថា ពេលនេះម៉ាសប្រៀបដូចជាគ្រាប់កាំភ្លើង ដែលត្រូវបម្រុងទុកដើម្បីការពារខ្លួន ហើយសម្តេចបានបញ្ជាក់ថា ថវិកាទិញម៉ាស និងអាវពេទ្យទាំង ៥ពាន់កំប្លេងនោះ គឺជាថវិការបស់សប្បុរស ដែលចូលរួមបរិច្ចាគដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះ សប្បុរសជនចូលរួមឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធកូវីដ១៩ នៅកម្ពុជា មានជាង ១០លានដុល្លារអាមេរិក។

សម្តេចថ្លែងទៀតថា នៅបន្តតែទទួលថវិកាសប្បុរសជននានា រហូតដល់ការរីករាលដាលជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពប្រយុទ្ធជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់ហើយ ថវិកាសប្បុរសជនបើនៅសល់ នឹងត្រូវបង្វែរទៅមូលនិធិគន្ធបុប្ផា ឬចំណាយលើសេចក្តីត្រូវការចាំបាច់ របស់វិស័យសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណជាថ្មីម្តងទៀត ថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យផ្ទាល់ខ្លួន សម្រាប់ដោះស្រាយបញ្ហារីករាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានលះបង់ កម្លាំងកាយចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។

«យើងមិនខ្លាចនឹងចំណាយទៅលើសម្ភារសម្រាប់ការពារក្រុមគ្រូពេទ្យ ហើយយើងក៏មិនខ្លាចក្នុងការបង្កើនការចំណាយសម្រាប់ឲ្យក្រុមគ្រូពេទ្យយើងមានសុខភាពល្អ ក្នុងការការពារខ្លួន ទៅលើប្រាក់ប្រចាំថ្ងៃក្នុងការដែលគាត់ត្រូវធ្វើការ២៤ម៉ោង បានសម្រាប់តិចតួចណាស់គ្រូពេទ្យរបស់យើងក្នុងមួយរយៈកាលនេះ»។ សម្តេចតេជោ ហ៊ុន​ សែន គូសបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អមដោយអនុប្រធានប្រធាន៥រូប និងសមាជិកជា៤០នាក់ ដែលក្នុងនោះមាន២០នាក់មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានីខេត្តទាំងអស់នៅកម្ពុជា៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.