ប្រធានថ្មីសហព័ន្ធស្រូវអង្ករ៖ អង្ករកម្ពុជានាំចេញបានតិច ប៉ុន្ដែបានចំណូលច្រើន, ឆ្នាំ២០១៩ រំពឹង...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ប្រធានថ្មីសហព័ន្ធស្រូវអង្ករ៖ អង្ករកម្ពុជានាំចេញបានតិច ប៉ុន្ដែបានចំណូលច្រើន, ឆ្នាំ២០១៩ រំពឹងបានចំណូល៤០០លានដុល្លារ (Video inside)

(ភ្នំពេញ)៖ លោក សុង សារ៉ន ប្រធានថ្មីសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ត្បិតតែកម្ពុជាមានការកើនឡើងតិចក្តី ក្នុងការនាំចេញអង្ករទៅក្រៅប្រទេសក្ដី ប៉ុន្ដែចំណូលពីការលក់អង្កររបស់កម្ពុជាវិញ មានការកើនឡើងខ្លាំង។

ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក សុង សារ៉ន បានបញ្ជាក់ថា «ត្បិតតែយើងមានការកើនឡើងបន្ដិតបន្ដួច ក្នុងរយៈពេល៨ខែ ប៉ុន្ដែទៅលើតម្លៃចូលមកប្រទេសកម្ពុជា គឺមានការកើនឡើងខ្លាំង បើតាមរបាយការណ៍របស់ក្រុមហ៊ុនសិក្សាស្រាវជ្រាវមួយ នៅឆ្នាំ២០១៨កន្លងមកនេះ កំណើនតម្លៃចូលមកជាលុយ គឺកើនឡើងជាង៣៧០លានដុល្លារ នៅក្នុងវិស័យស្រូវអង្ករ»។

លោក សុង សារ៉ន បានគូសបញ្ជាក់ថា បើប្រៀបធៀបទៅប្រទេសមីយ៉ាម៉ា ដែលជាប្រទេសនាំចេញដ៏ធំមួយដែលនោះ បានតែ៣៤០លានដុល្លារនោះទេ ខណៈដែលមីយ៉ាម៉ានាំ នាំចេញជាង២លានតោន ស្របពេលដែលកម្ពុជា នាំចេញមិនដល់១លានតោនផង តែទទួលបានប្រាក់ចំណូល រហូតដល់ជាង៣៧០លានដុល្លារ។

ជាមួយគ្នានោះ ប្រធានថ្មីសហព័ន្ធស្រូវអង្ករ បានអះអាងថា នៅក្នុងឆ្នាំ២០១៩ កម្ពុជាប្រហែលជាអាច ទទួលបាន៤០០លានដុល្លារ ពីការនាំចេញអង្ករ។

លោក សុង សារ៉ន បានគូសបញ្ជាក់ទៀតថា «ត្បិតតែយើងនាំចេញ ប្រហាក់ប្រហែលឆ្នាំទៅ តែយើងបានលុយនាំចូល ក្នុងស្រុកយើងកាន់តែថ្លៃ ដោយសារតែខាងសហព័ន្ធយើង ជំរុញតែការដាំដុះអង្ករណា ដែលមានតម្លៃខ្ពស់»។

លោក សុង សារ៉ន ក៏បានកោតសរសើរចំពោះយុទ្ធសាស្ដ្រ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានដាក់ចេញ នៅចំណុចខ្លាំងដែលកម្ពុជាមាន ហើយទាញយកភាពខ្លាំងនេះ បង្កើននូវសក្កានុពល របស់ខ្លួន។

លោកនៅតែបន្ដអះអាងថា «បើសិនជាយើងអាចចេញបាន៧០ម៉ឺនតោន យើងនឹងអាចទាញចំណូលបានលុយ៥០០ ទៅ៦០០លានដុល្លារ ជាលុយដែលមានគុណប្រយោជន៍ ដល់សេដ្ឋកិច្ច កសិករ រោងម៉ាស៊ីនកិនស្រូវ និងស្ថាប័នផ្សេងៗទៀត ដែលរកស៊ីពាក់ព័ន្ធវិស័យស្រូវអង្ករ»។

បើតាមរបាយការណ៍ នៅរយៈពេល៨ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារជាង៥០ប្រទេស ចំនួនជាង៣៤ម៉ឺនតោន។ បើតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាបាននាំចេញស្រូវ ក្រៅផ្លូវការ ទៅកាន់ប្រទេសវៀតណាម រហូតដល់១,៦១៨,៣៥៧តោន។

តាមរបាយការណ៍នាំចេញអង្ករ បានឲ្យដឹងថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំនេះ ក្នុងចំណោមទិសដៅ នាំចេញទាំង៥១ប្រទេស ប្រទេសចិន នៅតែឈរលំដាប់លេខ១ ដោយនាំចូលអង្ករពីកម្ពុជាជាង១៣ម៉ឺនតោន, ប្រទេសបារាំង ជិត៥ម៉ឺនតោន ដែលឈរលំដាប់លេខ១ ក្នុងតំបន់អឺរ៉ុប ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ, ប្រទេសហ្កាបុងជាង២ម៉ឺនតោន, ប្រទេសប្រ៊ុយណេ ជាង១.៦ម៉ឺនតោន និងប្រទេសម៉ាឡេស៊ីជាង១.៥ម៉ឺនតោន។

គូសបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករជិត៦៣ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv