ប្រជាពលរដ្ឋនៅស្រុកលើកដែក ខេត្តកណ្ដាល កំពុងមមាញឹកកាប់ចេកបន្ទុំ ត្រៀមអកអំបុកថ្ងៃ៩ វិច្ឆិកា

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ប្រជាពលរដ្ឋនៅស្រុកលើកដែក ខេត្តកណ្ដាល កំពុងមមាញឹកកាប់ចេកបន្ទុំ ត្រៀមអកអំបុកថ្ងៃ៩ វិច្ឆិកា និងប្តេជ្ញាមិនគាំទ្រការឃោសនារបស់ទណ្ឌិត សម រង្ស៊ី (Video inside)

(កណ្តាល)៖ ប្រជាពលរដ្ឋនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បាននិងកំពុងមមាញឹកកាប់ចេកបន្ទុំ ត្រៀមរៀបចំពិធីអកអំបុកថ្ងៃ ៩ វិច្ឆិកា តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។

ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានថ្លែងទាំងញញឹមញញែមថា ការកាប់ចេកបន្ទុំ ដើម្បីទទួលទានអំបុកនេះ គឺពួកគាត់បានធ្វើជារៀងរាល់ ឆ្នាំ។ នៅក្នុងឆ្នាំនេះ ពួកគាត់នាំគ្នាធ្វើដូចបណ្តាឆ្នាំកន្លងទៅដែរ ជាពិសេសក្នុងឆ្នាំនេះធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ត្រៀមហូបអំបុកថ្ងៃ៩ វិច្ឆិកា ខាងមុខ។

ប្រជាពលរដ្ឋថា ការឃោសនាអកុសលរបស់ជនក្បត់ជាតិ សម រង្ស៊ី ថាថ្ងៃ៩ វិច្ឆិកា នឹងវិលចូលស្រុកវិញនោះ ពួកគាត់មិនត្រឹមតែមិនគាំទ្រទេ គឺថែមទាំងបានប្រកាសប្រឆាំងដាច់ខាត ចំពោះជនក្បត់ជាតិរូបនេះ។ ព្រោះការប្រកាសវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី ជាការនាំឲ្យប្រទេសជាតិកើតចលាចល នាំមកតែទុក្ខលំបាកដល់ប្រទេសជាតិ និងប្រជាជន។ មិនតែប៉ុណ្ណោះ រឿងដែលពួកគាត់ស្អប់ខ្ពើមបំផុតនោះ គឺជនក្បត់ជាតិ សម រង្ស៊ី បានប្រមាថដល់អង្គព្រះមហាក្សត្រនៃយើង។

លោក យ៉ែម ខឿន អាយុ៥៨ឆ្នាំ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ បាននិយាយថា លោកបានកាប់ចេក ដើម្បីយកទៅបន្ទំត្រៀមចូលរួមអកអំបុក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ហើយការវិលចូលស្រុករបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នេះ លោកមិនបានចាប់អារម្មណ៍នោះទេ ដោយសារផែនការរបស់គាត់ មានតែបង្កធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងភ័យព្រួយបារម្ភ ហើយលោក មិនចូលរួមគាំទ្រឲ្យទណ្ឌិត សម រង្សី វិលចូលស្រុកទេ។

លោក ហៀង ហ៊ាន រស់នៅភូមិព្រែកបាក់ ក៏បានថ្លែងថា ចេកដែលលោកកាប់ចំនួនមួយស្ទងនេះ គីលោកបន្លំទុក ដើម្បីចូលរួមអបអរសាទរអកអំបុកកម្មវិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ហើយលោកឮថា ថ្ងៃទី០៩ ខែវិច្ឆិកា ទណ្ឌិត សម រង្សី វិលចូលស្រុកនោះ លោកមិនគាំទ្រ និងមិនទទួលស្គាល់ទណ្ឌិតក្បត់ជាតិ សម រង្សី ដាច់ខាត។

លោកបានបន្តថា សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានសន្តិភាព រីកចំរើន សម្បូរសប្បាយហើយ រឿងអីទណ្ឌិត សម រង្សី មកបង្ករបញ្ហាធ្វើឲ្យប្រទេសជាតិកើតចលាចល ដូច្នេះលោកមិនគំាទ្រឲ្យចូលប្រទេសជាដាច់ខាត។

អ្នកមីង ម៉ុង អេង ជាប្រជាពលរដ្ឋម្នាក់ទៀត រស់នៅភូមិព្រែកបាក់ ក៏បានថ្លែងថា អ្នកមីងកាប់ចេកបន្ទំត្រៀមអកអំបុកថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះដែរ ហើយនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ ហើយអ្នកមីងមិនគាំទ្រជាដាច់ខាត គ្រាន់តែឮឈ្មោះក៏អ្នកមីងស្អប់ដែរ។ អ្នកមីងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា កុំឲ្យជឿការឃោសនាបោកប្រាស់របស់បុគ្គលក្បត់ជាតិ សម រង្សី ឲ្យសោះ ពីព្រោះថា ជនក្បត់ជាតិរូបនេះមិនស្រលាញ់ប្រទេសជាតិទេ រត់ចោលប្រទេសជាតិ និងមើលងាយព្រះមហាក្សត្រ។

ទាក់ទង់នឹងប្រជាពលរដ្ឋ នាំគ្នាកាប់ចេកបន្ទំត្រៀមអកអំបុក និងសភាពការណ៍ថ្ងៃ៩ វិច្ឆិកានេះ អភិបាលខេត្តកណ្តាលលោកបណ្ឌិត ម៉ៅ ភិរុណ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូល រួមហូបអំបុកទាំងអស់គ្នា។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងកុំចាញ់បោកអំពើអកុសលរបស់ជនក្បត់ជាតិ សម រង្ស៊ី សូមប្រជាពលរដ្ឋនៅឲ្យស្ងៀមស្ងាត់ នៅតាមមូលដ្ឋាន ដើម្បីចូលរួមរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv