នាយឧត្តមសេនីយ៍ នេត សាវឿន៖ នគរបាលអនុវត្តន៍ច្បាប់ចរាចរណ៍មិនត្រឹមត្រូវ នឹងត្រូវទទួលទោស

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា វិធានការច្បាប់នឹងអនុវត្តន៍ដោយគ្មានការអត់ឱននោះឡើយ ចំពោះមន្ដ្រីនគរបាលទាំងឡាយដែលប្រព្រឹត្តខុសច្បាប់ នៅពេលបំពេញកិច្ចការងារពិសេសលើការងារអនុវត្តច្បាប់ចរាចរណ៍។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក។

ទន្ទឹមជាមួយការប្រកាសពីការអនុវត្តច្បាប់ចំពោះមន្ដ្រីនគរបាលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានទទួលស្គាល់នូវអ្វីដែលជាចំណុចខ្វះខាតរបស់ មន្ដ្រីអនុវត្តច្បាប់ផងដែរ រួមមាន វិធីសាស្ដ្រអនុវត្ត, ចរិក ឥរិយាបថ និងការប្រើប្រាស់ពាក្យសម្ដី, ខ្វះខាតឯកទេសច្បាប់ និងបច្ចេកទេស។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអភិបាលរាជធានី-ខេត្ត នឹងបន្ដគោលការណ៍ដោះស្រាយ ដោយដឹកនាំត្រួតពិនិត្យ, បណ្ដុះបណ្ដាល និងខិតខំគាំទ្រលើកទឹកចិត្ត សរសើរជូនរង្វាន់ ព្រមទាំងដាក់ពិន័យនឹងអនុវត្តតាមច្បាប់។

បើតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន រហូតមកដល់ពេលនេះ មន្ដ្រីនគរបាលជាច្រើននាក់ ដែលប្រព្រឹត្តពីបទបញ្ជា ឬច្បាប់ដែលបានកំណត់ ត្រូវបានអនុវត្តតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានសំណូមពរអភិបាលរាជធានី-ខេត្ត សូមបង្កើនការដឹកនាំ ត្រួតពិនិត្យការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត មកលើកងកម្លាំងអនុវត្តច្បាប់ ដើម្បីប្រមូលផ្ដុំការរឹតបន្ដឹងច្បាប់ចរាចរណ៍ សម្ដៅកាត់បន្ថយគ្រោះថ្នាក់ និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោកអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងមួយខែនគរបាលចរាចរណ៍ម្នាក់ទទួល​បាន​ប្រាក់រង្វាន់ពីការផាកពិន័យ ចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍បានប្រមាណជាង ២​លានរៀល សម្រាប់រាជធានីភ្នំពេញ និងនគរបាលចរាចរណ៍តាមបណ្តាលខេត្ត​បាន​ប្រមាណ​២០ម៉ឺន​រៀល ខណៈនគរបាលចរាចរណ៍នៅខេត្តតាកែវបានចំនួនតិចជាងគេ។

សូមបញ្ជាក់ថា រយៈពេលប្រមាណពីរខែនៃការអនុវត្តន៍វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ ទទួលបានប្រាក់ផាកពិន័យជាង ៣លានដុល្លារអាមេរិក៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.