នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញក្តីសង្ឃឹមថា ការរីករាលដាលជំងឺបង្កដោយវីរ៉ុស «COVID19»

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញក្តីសង្ឃឹមថា ការរីករាលដាលជំងឺបង្កដោយវីរ៉ុស «COVID19» អាចនឹងរលត់ក្នុងពេលដ៏ខ្លីខាងមុខ (Video inside)

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរដល់រដ្ឋាភិបាលចិន ដោយសារបានរកឃើញថ្នាំគ្រុនចាញ់ ដែលមានប្រសិទ្ធភាពអាចប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួត ដែលបង្កឡើងដោយវីរ៉ុសកូរ៉ូណាប្រភេទថ្មី «COVID-19»។

ថ្លែងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សា ឆ្នាំ២០១៨-២០១៩ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឈឹមថា ការរីករាលដាលជំងឺបង្កដោយវីរ៉ុស «COVID19» អាចនឹងរំលត់បានក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើថ្នាំគ្រុនចាញ់អាចប្រយុទ្ធប្រឆាំងជាមួយជំងឺនេះមែននោះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលយើងទទួលបានព័ត៌មាន គឺពីម្សិលមិញខាងប្រទេសចិនបានប្រកាសថា ស្វែងរកឱសថដែលអាចព្យាបាលជំងឺនេះបាន តាមរយៈការប្រើប្រាស់នូវថ្នាំព្យាបាលជំងឺគ្រុនចាញ់។ ប្រសិនបើព័ត៌មាននេះវាជាការពិត ហើយព្យាបាលមនុស្សជា ខ្ញុំគិតថាសភាពការណ៍ នឹងរំលត់បាននៅក្នុងរយៈពេលដ៏ខ្លី។ ដូច្នេះយើងពិតជាមានការីករាយ នឹងព័ត៌មាន»។

សម្តេចមានប្រសាសន៍បន្តថា «ទន្ទឹមនឹងការចូលរួមរំលែកមរណទុក្ខ ជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន និងប្រទេសមួយចំនួន ដែលមានប្រជាពលរដ្ឋបាត់បង់ជីវិត យើងក៏សូមអបអរនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19»។

លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ថែមទាំងថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយថែរក្សានិស្សិតកម្ពុជា ដែលកំពុងរស់នៅទីនោះ រាប់ទាំងតំបន់វូហាន ២៣នាក់ ដែលពួកគេមានសុខភាពល្អ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះក្រុមមនុស្សដែលផ្សព្វផ្សាយថា មាននិស្សិតកម្ពុជានៅចិនម្នាក់ បានស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កឡើងដោយវីរ៉ុស COVID-19។ សម្តេចចាត់ទុកថា នេះជារឿងអកុសលមួយ និងដាក់សំណួរថា តើអ្នកបំភ្លៃព័ត៌មាននេះ ទទួលបានផលប្រយោជន៍អ្វីទៅ?

ដោយតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមអ្នកជំនាញ និងក្រុមវេជ្ជបណ្ឌិតចិន បានប្រកាសថា ផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បង ពួកគេបានទទួលស្គាល់ថា ក្លរ៉ូគីនផូស្វាត (Chloroquine Phosphate) ដែលជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ មានប្រសិទ្ធភាពជាក់ស្ដែងក្នុងការព្យាបាលវីរ៉ុស COVID-19។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយយោងទៅលើអនុប្រធានមជ្ឈមណ្ឌលជាតិចិន សម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យាដែលស្ថិតក្រោម ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន គឺលោកស្រី Sun Yanrong។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនោះ លោកស្រី Sun Yanrong បានបន្ថែមដូច្នេះថា៖ «ក្រុមអ្នកជំនាញបានឯកភាពគ្នាជាឯកច្ឆ័ន ក្នុងការសន្មតថា ថ្នាំក្លរ៉ូគីនផូស្វាត នឹងត្រូវបានដាក់បញ្ចូលទៅក្នុងវិធីសាស្ត្រព្យាបាលវីរ៉ុស Covid-19 ហើយការព្យាបាលសាកល្បង ទ្រង់ទ្រាយធំនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ តាមដែលអាចធ្វើទៅបាន»។

គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរ៉ុស COVID-19 នៅក្នុងប្រទេសចិន បានកើនដល់ ១,៨៦៨នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧២,៥០០នាក់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន CGTN៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv