នាយករដ្ឋមន្ត្រីកម្ពុជា៖ បើថៃដេញពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចេញពីប្រទេសនោះ សេដ្ឋកិច្ចខ្លួននឹង

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

នាយករដ្ឋមន្ត្រីកម្ពុជា៖ បើថៃដេញពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចេញពីប្រទេសនោះ សេដ្ឋកិច្ចខ្លួននឹងធ្លាក់ចុះធ្ងន់ (Video inside)

(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ថៃជាប្រទេសទទួលពលករច្រើនជាងគេ ចេញពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ហើយសម្តេចថ្លែងទៀតថា ប្រសិនបើថៃបណ្ដេញពលករ ប្រទេសទាំងនេះចេញនោះ សេដ្ឋកិច្ចខ្លួននឹងធ្លាក់ចុះធ្ងន់តែម្តង។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារ ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលកម្មវិធីនេះត្រូវបានរៀបចំ នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងចំណោមប្រទេសកម្ពុជា ឡាវមីយ៉ាន់ម៉ា ថៃ និងវៀតណាម គឺប្រទេសថៃ ជាប្រទេសដែលទទួលយកពលករច្រើន ចេញពីប្រទេសកម្ពុជា ចេញពីមីយ៉ាន់ម៉ា និងចេញពីឡាវ ដោយសារនៅទីនោះមានការងារ ហើយរឿងនេះមានចំណងទាក់ទងគ្នា។ ឧទាហរណ៍ថា ប្រសិនបើប្រទេសទាំងថៃ បណ្តេញនូវពលករប្រទេសទាំង៣នេះចេញ សេដ្ឋកិច្ចថៃអាចធ្លាក់ចុះធ្ងន់តែម្តង ដោយសារតែពុំមានកម្លាំងពលកម្មគ្រប់គ្រាន់»។

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា នៅក្នុងន័យនេះហើយ បានជាប្រទេសទាំងនេះ តែងតែស្វះស្វែងរក នូវកិច្ចសហប្រតិបត្តិការរួមគ្នា។ សម្តេចថ្លែងបញ្ជាក់ថា៖ «មិនថាតែកម្ពុជាទេ តាមដែលខ្ញុំដឹង ទាំងមីយ៉ាន់ម៉ា ទាំងឡាវ ទាំងកម្ពុជា គឺសុទ្ធតែធ្វើកិច្ចសហប្រត្តិការជាមួយថៃ ពីស្ថានភាពពលករមិនស្របច្បាប់ ឱ្យទៅជាពលករដែលស្របច្បាប់»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការមានការងារធ្វើ វាជាការខិតខំប្រឹងប្រែងក្នុងក្របខណ្ឌអាស៊ាន ខណៈដែលប្រទេសហ្វីលីពីន មានពលករច្រើនជាងគេបង្អស់ ក្នុងការបញ្ជូនពលករទៅក្រៅប្រទេស។ មិនដឹងចង្រៃអ្វីនៅកម្ពុជា ពេលរាជរដ្ឋាភិបាល ខិតខំរកឱកាសការងារជូន ប្រជាពលរដ្ឋនៅក្រៅប្រទេស បែរជាមានគេចាត់ទុកថា បញ្ជូនពលរដ្ឋខ្លួនឯង ឲ្យទៅស៉ីឈ្មួលគេទៅវិញ។

សម្តេចមានប្រសាសន៍បញ្ជាក់ធ្ងន់ៗ យ៉ាងដូច្នេះថា៖ «បើមិនធ្វើការទេធ្វើម្តេចយើងរស់បាន ធ្វើការមានក្នុង និងក្រៅប្រទេស»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ចុងឆ្នាំ២០១៧ និង២០១៨ សម្តេចបានជួបជាមួយពលករខ្មែរ ១លាននាក់។ សម្តេចបន្តថា កម្ពុជាកំពុងពិភាក្សាជាមួយភាគីថៃ ដើម្បីរៀបចំរក្សាទុកអតីតភាព ការងាជូនពលករកម្ពុជា ដែលធ្វើការនៅទីនោះ ពេលមកធ្វើការនៅប្រទេសកម្ពុជាវិញ៕






* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv