ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់៖ ថ្វាយបង្គំតាមផ្ទះក្នុងខែរ៉ាម៉ាដន មិនមានបាបនោះឡើយ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់៖ ថ្វាយបង្គំតាមផ្ទះក្នុងខែរ៉ាម៉ាដន មិនមានបាបនោះឡើយ (Video inside)

(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការមួយចំនួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។

ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឱ្យដឹងថា ការបួសខែរ៉ាម៉ាដន អាចនឹងចូលមកដល់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ ការបួសខែរ៉ាម៉ាដន ជាប្រពៃណីទំនៀមទម្លាប់មួយរបស់អ្នកកាន់សាសនាឥស្លាម ដែលតម្រូវឱ្យតបអាហាររយៈពេល១៤ម៉ោង ចាប់ពីថ្ងៃរះ រហូតដល់ថ្ងៃលិចទៅវិញ។

ក្រៅពីការតបអាហារហើយនោះ អ្នកកាន់សាសនាឥស្លាមត្រូវអនុវត្តន៍នូវកាតព្វកិច្ចមួយចំនួនទៀតដូចជា ការជួបជុំថ្វាយបង្គំនៅតាមព្រះវិហារនាពេលយប់, ការថ្វាយបង្គំសឡាត នៅថ្ងៃបុណ្យរ៉យ៉ាហ្វិត្រាស់, ការបរិច្ចាគទាន និងការដើរសួរសុខទុក្ខគ្នានៅតាមផ្ទះជាដើម។

តែដោយសារតែបារម្ភខ្លាចការប្រណិប័តន៍តាមការតព្វកិច្ចសាសនាឆ្នាំកន្លងទៅ នាំឱ្យមានការរីករាលដាលជំងឺកូវីដ១៩នោះ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានណែនាំដល់ខ្មែរកាន់សាសនាឥស្លាមមិនបាច់ប្រណិប័តន៍តាមអ្វីដែលធ្លាប់បានធ្វើដូចរាល់ឆ្នាំនោះឡើយ។ ក្នុងនោះការពិសាអាហារស្រាយបួស, ការសឡាតតារ៉វ៉េះ (ថ្វាយបង្គំពេលយប់ក្នុងខែរ៉ាម៉ាដន) និងការថ្វាយបង្គំសឡាត នៅថ្ងៃបុណ្យរ៉យ៉ាហ្វិត្រាស់ ត្រូវធ្វើនៅតាមផ្ទះរៀងៗខ្លួន មិនបាច់ជួបជុំតាមព្រះវិហារនោះឡើយ។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ក្នុងសាសនាឥស្លាមដ្បិតតែតម្រូវឱ្យប្រណិប័តន៍តាមកាតព្វកិច្ចដូចរៀបរាប់ខាងលើដើម្បីបានបុណ្យ តែក៏បានកំណត់ដែរថា ការចម្លងរោគទៅអ្នកដទៃនឹងនាំឱ្យមានទោស។

យោងទៅលើហេតុផលនេះ លោក អូស្មាន ហាស្សាន់ បានអះអាងថា ការប្រណិប័តន៍សាសនាដោយប្តូរមកថ្វាយបង្គំនៅតាមផ្ទះរបស់សាសនិកឥស្លាមនឹងមិនមានបាបនោះឡើយ។

លោកទេសរដ្ឋមន្ត្រី ក៏បានបង្ហាញការជឿជាក់ផងដែរថា ខ្មែរកាន់សាសនាឥស្លាមទាំងអស់នឹងអនុវត្តន៍តាមការណែនាំរបស់គណៈដឹកនាំសាសនា ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ ពិធីពិសាអាហារស្រាយបួសរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងខ្មែរកាន់សាសនាឥស្លាម ដែលធ្លាប់ធ្វើនាឆ្នាំកន្លងទៅក៏ត្រូវបានលុបចោលផងដែរនៅឆ្នាំនេះ។

ក្នុងសន្និសីទព័ត៌មានថ្ងៃនេះ លោក អូស្មាន ហាហ្សាន់ ក៏បានស្នើសុំឱ្យមានការយោគយល់ពីសំណាក់ខ្មែរឥស្លាមទាំងអស់ផងដែរ។

បើតាមលោក អូស្មាន ហាស្សាន់ ក្នុងចំណោមខ្មែរកាន់សាសនាឥស្លាម ៣៣នាក់ ដែលបានកើតជំងឺកូវីដ១៩ មកដល់ពេលនេះនៅសល់តែ១នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល។ ខ្មែរកាន់សាសនាឥស្លាម ដែលមិនទាន់ព្យាបាលជានេះនៅក្នុងខេត្តកំពង់ឆ្នាំង។

លោក អូស្មាន ហាស្សាន់ ក៏បានកត់សម្គាល់ផងដែរថា មកដល់ពេលនេះពលរដ្ឋខ្មែរកាន់សាសនាដទៃ និងពលរដ្ឋខ្មែរកាន់សាសនាឥស្លាមមានទំនាក់ទំនងនឹងគ្នាជាធម្មតាឡើងវិញហើយ មិនមានការខ្លាចរអាពីការឆ្លងជំងឺកូវីដ១៩ ដូចពេលមុនទៀតនោះទេ។

លោក អូស្មាន ហាស្សាន់ បានសម្តែងការរីករាយចំពោះភាពប្រក្រតីឡើងវិញនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាម និងសាសនាដទៃនៅតាមសហគម៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.