ទស្សនា និងសណ្តាប់ជនជាតិជប៉ុនដេញចាប៉ី និងច្រៀងចម្រៀង «ឱ!សត្វមហោរី»

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ទស្សនា និងសណ្តាប់ជនជាតិជប៉ុនដេញចាប៉ី និងច្រៀងចម្រៀង «ឱ!សត្វមហោរី»
(ភ្នំពេញ)៖ លោក Inuboshi លេខាទី៣នៃស្ថានទូតជប៉ុន បានបញ្ចប់បេសកកម្មការងាររបស់ខ្លួននៅកម្ពុជាហើយ នៅថ្ងៃសប្តាហ៍នេះ។ លោក Inuboshi បានថ្លែងថា លោកពិតជារីករាយណាស់ ដែលបានបំពេញការងាររយៈពេលជាងពីរឆ្នាំនៅកម្ពុជា។

លោកក៏អរគុណផងដែរដល់ពលរដ្ឋកម្ពុជា ដែលបានផ្តល់ភាពកក់ក្តៅដល់រូបលោកក្នុងពេលធ្វើការងារនៅកម្ពុជា។

តំណែងលេខាទី៣ នៃស្ថានទូតជប៉ុន នឹងត្រូវជំនួសដោយកញ្ញា Kusunoki។ មុននឹងចូលមកបំពេញការងារក្នុងតំណែងនេះ កញ្ញា Kusunoki បានអញ្ជើញមកសិក្សាអក្សរសាស្ត្រខ្មែរតាំងពីឆ្នាំ២០១៨មកម្ល៉េះ។

ទាំងលោក Inuboshi និងកញ្ញា Kusunoki សុទ្ធតែចេះនិយាយភាសាខ្មែរ។ លោក Inuboshi មិនត្រឹមតែចេះនិយាយភាសាខ្មែរនោះទេ លោកថែមទាំងចេះដេញចាប៉ីដងវែងថែមទៀតផង។

មុននឹងចាកចេញពីកម្ពុជា លោក Inuboshi បានដេញចាប៉ីបទ «ឱ!សត្វមហោរី» មួយបទទុកជាចំណងដៃ និងអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំជាមួយប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមគ្នានេះ កញ្ញា Kusunoki ក៏បានចូលមកច្រៀងបទ «ឱ!សត្វមហោរី» ផងដែរ ដើម្បីជាចំណងដៃនៃការចាប់ផ្តើមការងាររបស់កញ្ញានៅកម្ពុជា។

ការដេញចាប៉ីដងវែង និងច្រៀងចម្រៀង «ឱ!សត្វមហោរី» ពីសំណាក់លោក Inuboshi និងកញ្ញា Kusunoki ទទួលបានការស្វាគមន៍ប្រកបដោយក្តីពេញចិត្តយ៉ាងជ្រាលជ្រៅ។ កាយវិការរបស់ជនជាតិជប៉ុនទាំងពីររូប បានរួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងនូវវប្បធម៌ដ៏ផូរផង់របស់កម្ពុជា៕
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.