ថៃមិនទាន់អនុញ្ញាតឲ្យបើកទ្វារព្រំដែនជាមួយកម្ពុជានោះទេ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ថៃមិនទាន់អនុញ្ញាតឲ្យបើកទ្វារព្រំដែនជាមួយកម្ពុជានោះទេ, អាជ្ញាធរត្រូវបង្ខំចិត្តមិនឲ្យអ្នករុញរទេះ និងអាជីវករលក់ដូរ នៅផ្សាររុងក្លឿចេញចូលឡើយ ដើម្បីការពារជំងឺ COVID-19 (Video inside)

(ភ្នំពេញ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានឲ្យដឹងថា ដើម្បីការពារ និងទប់ស្កាត់ជំងឺ COVID-19 រដ្ឋាភិបាលថៃមិនទាន់អនុញ្ញាតឲ្យ បើកទ្វារព្រំដែន នៅច្រកអន្ដរជាតិប៉ោយប៉ែតដែលឈមជាមួយប្រទេសកម្ពុជានោះទេ ដូច្នេះហើយអាជ្ញាធរកម្ពុជា ត្រូវបង្ខំចិត្តមិនអនុញ្ញាតឲ្យ អ្នករុញរទេះដឹកទំនិញ និងអាជីវករលក់ដូរ នៅផ្សាររុងក្លឿចេញចូលនោះទេ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក អ៊ុ រាត្រី បានអះអាងថា បើទោះបីមិនអនុញ្ញាតឲ្យមនុស្សចេញចូលក៏ពិតមែន ប៉ុន្ដែអាជ្ញាធរកម្ពុជា-ថៃ បាន ឯកភាពអនុញ្ញាតឲ្យរថយន្ដដឹកទំនិញធុនធំ ចេញចូលធម្មតា ប៉ុន្ដែត្រូវមានការពិនិត្យសុខាភាពយ៉ាងឌិតដល់ ហើយឲ្យមនុស្សត្រឹមតែ២នាក់ប៉ុណ្ណោះក្នុងរថយន្ដ។

លោក អ៊ុ រាត្រី បានថ្លែងយ៉ាងដូច្នេះថា «មកដល់ម៉ោងនេះថៃប្រកាសបិទ ដោយសារបញ្ហាជំងឺកូវីដ មិនឲ្យមនុស្សចេញចូលប្រទេសគេទេ ហើយថៃក៏មានជំងឺកូវីដខ្លាំងជាងយើង។ គេមិនអនុញ្ញាតឲ្យមនុស្សចេញចូលនោះទេ យើងបានព្យាយាមទៅជួបប្រជុំផ្ទាល់ជាមួយអភិបាលខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសំណូមពរ ដែលនេះជាការហាមឃាត់របស់ភាគីថៃ»។

អភិបាលខេត្តបន្ទាយមានជ័យរូបនេះ បានគូសបញ្ជាក់ទៀតថា កន្លងទៅរដ្ឋបាលខេត្ត បានអន្ដរាគមន៍ទៅខេត្តស្រះកែវ ដើម្បីសុំសម្របសម្រួលមិនយក កម្រៃឈ្នួលតូបពីបងប្អូនអាជីវករ និងសុំសម្រួលឲ្យបងប្អូនអាជីវករកម្ពុជាទាំងអស់ ក្នុងផ្សាររុងក្លឿបានចេញចូលទៅមើលតូបរបស់ខ្លួនមួយលើក ចំនួន២០នាក់ រហូតដល់ស្ថានភាពវិលមកជាប្រក្រតីវិញ។

ប៉ុន្ដែសំណូមពរនេះ ត្រូវបានភាគីថៃឆ្លើយតបថា នឹងជួយសម្រួលមិនយកកម្រៃឈ្នួលតូបពីបងប្អូនអាជីវករកម្ពុជា ប៉ុន្ដែចំពោះសំណើសុំសម្រួលឲ្យបងប្អូន អាជីវករកម្ពុជាទាំងអស់ ក្នុងផ្សាររុងក្លឿបានចេញចូលទៅមើលតូបរបស់ខ្លួនក្នុងមួយលើក ២០នាក់ ភាគីថៃមិនឯកភាបនោះទេ។

គួរជម្រាបថា កាលពីពេលកន្លងទៅ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានចេញលិខិតបដិសេធ ដោយមិនអនុញ្ញាតឲ្យអាជីវករ អ្នកលក់ដូរទំនិញ នៅក្នុងផ្សាររុងក្លឿ ធ្វើបាតុកម្មទាមទារ បើកច្រកព្រំដែនប៉ោយប៉ែតនោះឡើយ ដោយមូលហេតុដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ការបដិសេធនេះបានធ្វើឡើងតបនឹងការស្នើសូមរបស់ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានជូនដំណឹងពីការប៉ងប្រមូលផ្តុំអាជីវករ អ្នកលក់ដូរទំនិញ នៅក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ រួមទាំងកម្មករអូសរទេះ អ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី អ្នករត់ម៉ូតូកង់បី និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ប្រមាណ១៥០០នាក់ គ្រោងនឹងជួបជុំធ្វើបាតុកម្មនៅចំណុច ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី០១-០៧ ខែមិថុនា ឆ្នាំ២០២០៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.