ជម្លោះដីធ្លីយូរឆ្នាំជិត២០០គ្រួសារ នៅស្រុកតាលោសែនជ័យទើបបង្កើតថ្មី ត្រូវបានដោះស្រាយបញ្ចប់...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ជម្លោះដីធ្លីយូរឆ្នាំជិត២០០គ្រួសារ នៅស្រុកតាលោសែនជ័យទើបបង្កើតថ្មី ត្រូវបានដោះស្រាយបញ្ចប់, ពលរដ្ឋប្តេជ្ញាចូលរួមសហការអភិវឌ្ឍន៍ ឲ្យក្លាយជាស្រុកគំរូ និងមានសក្តានុពលជាងគេ (Video inside)

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានថ្លែងថា ស្រុកថ្មីដែលបង្កើតរួចរាល់ហើយនោះ នឹងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មើលឃើញពីរចនាបទខ្មែរ ដែលមានតំបន់រដ្ឋបាលប្រមូលផ្តុំ និងទីប្រជុំជនស្រុក មានផ្លូវថ្នល់ បណ្តាញភ្លើង ទឹកស្អាន ពហុកីឡាដ្ឋាន ព្រះស្រែ វាលប្រណាំងគោក្របី កន្លែងទេសចរណ៍ និងកន្លែងអ៊ុទូកជាដើម។ល។...ការអភិវឌ្ឍតំបន់នេះ ក៏មិនត្រូវធ្វើនៅលើគំនរទឹកភ្នែកពុកម៉ែនោះដែរ គឺដើម្បីបំពេញតម្រូវការចាំបាច់ ទៅលើជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ យើងទៅថ្ងៃខាងមុខ។

លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅលើសាលាឆាន់ វត្តបឹងព្រះពន្លាជ័យ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្នុងឱកាសចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងព្រះពន្លៃ (បឹងព្រះពន្លាជ័យ) ចំនួន ១៩៧គ្រួសារ ប្រកបដោយភាពជោគជ័យ និងទទួលយកទាំងអស់គ្នា ដោយបានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ម៉ៅ ធនិន បានជម្រាបជូនថា ដោយបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលរបស់យើង និងជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ យើងបានបង្កើតស្រុកថ្មីមួយ គឺស្រុកតាលោសែនជ័យ ដើម្បីលើកយកសេវារដ្ឋបាល ខិតឲ្យកៀកនឹងជើងជណ្តើររបស់ពុកម៉ែយើង។ ហើយស្រុកថ្មី យើងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន៖ សាលារៀន តំបន់រដ្ឋបាលប្រមូលផ្តុំ និងទីប្រជុំជនស្រុក ឲ្យមើលឃើញពីរចនាបទខ្មែរ ដែលមានអគាររដ្ឋបាល ផ្លូវថ្នល់ បណ្តាញភ្លើង ទឹកស្អាន ពហុកីឡាដ្ឋាន ព្រះស្រែ វាលប្រណាំងគោក្របី កន្លែងទេសចរណ៍ និងកន្លែងអ៊ុទូកជាដើម។ល។... ទន្ទឹមនឹងការអភិវឌ្ឍស្រុកថ្មីនេះឡើង ប្រមុខនៃរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់ប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង ជាក់ស្តែងនៅទីនេះ យើងមានទំនប់ដំណាក់ឈើក្រម និងផ្នែកខាងក្រោម យើងមានទំនប់ដំណាក់អំពិល ទំនប់ចារឹក មុននឹងហូរទៅដល់បឹងទន្លេសាប។

លោកបានបន្ថែមថា រឿងដែលត្រូវគិត មិនមែនដើម្បីផលប្រយោជន៍របស់បុគ្គលម្នាក់នោះទេ ហើយការអភិវឌ្ឍតំបន់នេះជាក់ស្តែងក៏មិនត្រូវធ្វើនៅលើគំនរទុក្ខ និងទឹកភ្នែកពុកម៉ែនោះដែរ! អ្វីៗដែលជាការគិតគូររបស់ថ្នាក់ដឹកនាំ គឺដើម្បីបំពេញតម្រូវការចាំបាច់ ទៅលើជីវភាព និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋយើងទៅថ្ងៃខាងមុខ ជាពិសេសកូនចៅជំនាន់ក្រោយ។ លោកបានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកទាំងអស់ ត្រូវបន្សាំខ្លួនចូលជាសមាជិកគ្រួសារបងប្អូនប្រជាពលរដ្ឋទូទាំងស្រុក ក្នុងនាមជាកូន ជាបង ជាប្អូន ជាក្មួយ ដូចគ្រួសារតែមួយ បើមានបញ្ហាអ្វីកើតឡើងនៅមូលដ្ឋាន ត្រូវរាយការណ៍ និងរួមគ្នាធ្វើ រួមគ្នាដោះស្រាយ ឲ្យទាន់ពេលវេលា។

ផ្អែកតាមការជម្រាបជូនខាងលើ ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងការសប្បាយចិត្ត ដោយយល់ព្រមឯកភាព និងសហការចូលរួម អភិវឌ្ឍន៍ស្រុកតាលោសែន ដែលជាស្រុកកូនពៅ ឲ្យក្លាយជាស្រុកគំរូ និងជាស្រុកដែលមានសក្តានុពលជាងគេទូទាំងខេត្ត។ ជាមួយគ្នានោះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និងប្តេជ្ញាគាំទ្រចំពោះសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជូនសមិទ្ធផលធំៗ មានជាអាដថ៏ ទំនប់ ប្រឡាយមេ ប្រឡាយរង ផ្លូវថ្នល់ខ្វាត់ខ្វែងតភ្ជាប់ពីផ្លូវជាតិ ទៅទីប្រជុំជនស្រុក/ក្រុង ពីទីប្រជុំជនស្រុក/ក្រុង ទៅអន្តរឃុំ/សង្កាត់ ភូមិ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោក ម៉ៅ ធនិន បានផ្តល់វត្ថុកំដរដៃ ជូនដល់បងប្អូនជាស្ត្រី ក្នុងម្នាក់ៗទទួលបានសារុង១ និងបានឧបត្ថម្ភអង្ករចំនួន២០០គីឡូក្រាម ដល់វត្តបឹងព្រះពន្លាជ័យ ព្រមទាំងបន្តចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រម និងផ្តល់អនុសាសន៍ល្អៗមួយចំនួន ជុំវិញហេដ្ឋារចនាសម្ព័ន្ធដែលត្រូវអភិវឌ្ឍន៍ សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv