គេហទំព័រ West Point អះអាងថា និស្សិតជនជាតិអាមេរិក និងប្រទេសដទៃ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

TOP NEWS: គេហទំព័រ West Point អះអាងថា និស្សិតជនជាតិអាមេរិក និងប្រទេសដទៃ ដែលចូលរៀននៅ West Point ត្រូវបំពេញលក្ខខណ្ឌដូចគ្នា និងត្រូវប្រឡងច្រើនមុខ

(ភ្នំពេញ)៖ សាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point បានកំណត់លក្ខខណ្ឌស្មើគ្នា សម្រាប់និស្សិតទាំងអស់ដែលចូលរៀនក្នុងសាលារបស់ខ្លួន មិនថា និស្សិតជាតិសាសន៍សហរដ្ឋអាមេរិក ឬនិស្សិតមកពីប្រទេសផ្សេងៗឡើយ។ នេះបើតាមការផ្សព្វផ្សាយរបស់សាលា West Point នៅលើគេហទំព័ររបស់ខ្លួន។

តាមគេហទំព័រសាលា West Point (westpoint.edu) បានឱ្យដឹងថា «West Point ត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យមួយក្នុងចំណោម សាកលវិទ្យាល័យផ្តល់ជូនបរិញ្ញាបត្រដ៏ល្អបំផុតនៅសហរដ្ឋអាមេរិក។ ការអប់រំផ្នែកសីលធម៌ និង វិន័យត្រូវបានសង្កត់ធ្ងន់នៅទីនេះ រួមបញ្ចូលទាំងការបម្រើ ប្រទេសជាតិដោយមិនគិតពីខ្លួនឯង។ បទពិសោធន៍សិក្សារយៈពេល៤ឆ្នាំរបស់និស្សិតនាយទាហានបរទេសនៅទីនេះ គឺដូចគ្នាទៅនឹងនិស្សិតនាយទាហាន របស់សហរដ្ឋអាមេរិក»។

ការដាក់ពាក្យចូលរៀននៅ West Point ត្រូវចំណាយពេលច្រើនជាងការដាក់ពាក្យទៅមហាវិទ្យាល័យផ្សេងទៀត និងមានលក្ខខណ្ឌច្រើន។ ដំណើរការដាក់ពាក្យ នៃនិស្សិតនាយទាហានបរទេស គឺចាំបាច់ដូចគ្នានឹងពលរដ្ឋអាមេរិកដែរ។

និស្សិតដែលអាចចូលរៀននៅសាលា West Point ដាច់ខាតត្រូវមានលក្ខខណ្ឌដូចជា ការប្រឡងប្រកួតប្រជែងតាមរយៈការវាស់ស្ទង់សមត្ថភាព ចំណេះដឹងទូទៅ និង ការប្រឡងគណិតវិទ្យា (SAT/ACT) ចំណែកនិសិ្សតបរទេសត្រូវបង្ហាញសមត្ថភាពពីកម្រិតភាសាអង់គ្លេសរបស់ខ្លួន តាមរយៈការប្រឡង TOEFL (Test of English as Foreign Language) ចំណែកនិស្សិតនាយទាហានទាំងបរទេស និងអាមេរិក ត្រូវប្រឡងកាយសម្បទានដូចគ្នា ក្រៅពីនោះមានការប្រឡងមួយចំនួនទៀត ទើបអាចចូលសិក្សានៅទីនោះបាន។

នៅក្នុងឆ្នាំ១៩៩៥ ឆ្នាំដែលលោក ហ៊ុន ម៉ាណែត ចូលសិក្សាថ្នាក់អនុបណ្ឌិតនៅទីនោះ, បើទោះបីនៅពេលនោះសាលា West Point បានប្រកាសជ្រើសរើស និស្សិតបរទេសចំនួន១០នាក់ក្នុងមួយឆ្នាំ ប៉ុន្តែការប្រឡងជ្រើសរើសពេលនោះមាននិស្សិតតែ៧នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាពបំពេញគ្រប់លក្ខខណ្ឌ ឆ្លងកាត់ការប្រឡងនេះដោយជោគជ័យ។ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាដោយជោគជ័យនៅឆ្នាំ១៩៩៩, នេះបើយោងតាមការបញ្ជាក់ពីលោក ហ៊ុន ម៉ាណែត ប្រាប់អង្គភាពព័ត៌មាន Fresh News។

ការបង្ហាញនៅលើគេហទំព័រសាលា West Point ក៏មិនខុសអំពីការបកស្រាយរបស់ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានោះដែរ។ អ្នកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់ប្រាប់ Fresh News តាម Email ថា ជនទាំងឡាយ ដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ដោយមិនប្រកាន់ប្រទេសកំណើតទេ។

អ្នកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន។ ប្រទេសកំណើតរបស់និស្សិត គឺមិនមែនជាបញ្ហាឡើយ»។

លោកស្រី បានអួតអំពីគុណភាពសិក្សានៅសហរដ្ឋអាមេរិក ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «គ្រឹះស្ថានថ្នាក់ឧត្តមសិក្សារបស់អាមេរិក មានឈ្មោះល្បីរន្ទឺដោយសារតែគុណភាពគ្មានគូប្រៀប ហើយអាចផ្តល់ជំនាញភាសាអង់គ្លេសយ៉ាងល្អឥតខ្ចោះ ដើម្បីត្រៀមសម្រាប់អាជីព នាពេលអនាគត»។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក សម រង្ស៉ី អតីតមេដឹកនាំក្រុមប្រឆាំង បានវាយប្រហារដល់សញ្ញាបត្រពីសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក ដែលផ្តល់ជូន លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន ថាជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត មិនដូចសញ្ញាបត្រដែលផ្តល់ជូននិស្សិតអាមេរិកនោះឡើយ។

ការរិះគន់នេះ បានបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីអតីតនិស្សិត សាលាបណ្ឌិតសភាយោធា West Point ដទៃទៀត។ ក្រៅពីនោះ និស្សិតខ្មែរ ដែលសិក្សានៅសាលាយោធា នៅប្រទេសផ្សេងៗទៀត ក៏បានសម្តែងការខឹងសម្បា និងថ្កោលទោស លោក សម រង្ស៉ីដែរ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv