ក្រុមបណ្ឌិតវិភាគថា សម រង្ស៉ី មិនអាចវិលមកកម្ពុជាវិញបានទេ!

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ក្រុមបណ្ឌិតវិភាគថា សម រង្ស៉ី មិនអាចវិលមកកម្ពុជាវិញបានទេ! (Video inside)

(ភ្នំពេញ)៖ ស្របពេលដែលទណ្ឌិត សម រង្ស៉ី បានប្រកាសថា នឹងវិលចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមបណ្ឌិតនៅកម្ពុជាបានវិភាគថា ទណ្ឌិតរូបនេះ នឹងមិនអាចវិលចូលមកកម្ពុជាវិញបានទេ។

ការវិភាគរបស់ក្រុមបណ្ឌិតបែបនេះ ត្រូវបានបង្ហាញឡើងនៅក្នុងឱកាសដែល រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ផែនការវិលចូលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៉ី» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទណ្ឌិត សម រង្ស៉ី មកកម្ពុជាមិនកើតឡើយ ទោះបីជាតាមផ្លូវទឹក ផ្លូវគោក ឬផ្លូវអាកាសក៏ដោយ។ មូលហេតុ ដែលថ្លែងបែបនេះ បណ្ឌិត សុខ ទូច អះអាងថា ដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ដែលចេញដោយតុលាការកម្ពុជា ត្រូវបានបញ្ជូនប្រាប់ទៅគ្រប់ប្រទេស ដែលជាសមាជិកអាស៊ានរួចហើយ ហើយប្រទេសទាំងអស់សហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍ច្បាប់លើ ទណ្ឌិត សម រង្ស៉ី។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តើ សម រង្ស៉ី មកបានឬអត់? វាអត់ វាអត់។ មកតាមផ្លូវទឹក ទៅរួចទេ? អត់រួចទេ។ មកតាមផ្លូវឱកាស ដឹកបានប៉ុន្មាននាក់? សួរថា ហ៊ុន សែន ផ្តាច់ការទេ? ហ៊ុន សែន អត់ផ្តាច់ការទេ ហ៊ុន សែន អនុវត្តច្បាប់ ដែលតុលាការកំពូលបាន រំលាយគណបក្សប្រឆាំងរួចទៅហើយ»។

បណ្ឌិត សុខ ទូច បានលើកឡើងទៀតថា ទោះបីជាទណ្ឌិត សម រង្ស៉ី និងក្រុមអមដំណើររបស់គាត់ ចូលទឹកដីកម្ពុជាបានក៏ដោយ ក៏រាជដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តច្បាប់។ ទណ្ឌិត សម រង្ស៉ី ខុសកាន់តែខ្លាំងលើចំណុចប្រមាថអង្គព្រះមហាក្សត្រ ហើយបើរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន មិនចាត់វិធានការច្បាប់លើទណ្ឌិត សម រង្ស៉ី ទេ មានន័យថា សម្តេចគឺជាអាយ៉ាងរបស់ ទណ្ឌិត សម រង្ស៉ី វិញផងដែរ។

បណ្ឌិត សុខ ទូច បានបញ្ជាក់ក្នុងន័យដើមយ៉ាងដូច្នេះថា៖ «បន្ថែមទៅលើការវាយប្រហារអង្គព្រះមហាក្សត្រ ដែលរដ្ឋធម្មនុញ្ញបានការពាររួចទៅហើយ មិនឲ្យប៉ះពាល់ទៅលើអង្គព្រះមហាក្សត្រ។ អញ្ចឹងបើសិនជាសម្តេចនាយក ដែលជារដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត មិនអនុវត្តន៍តាមហ្នឹង, អាហ្នឹង ហ៊ុន សែន ជាអាយ៉ងរបស់ សម រង្ស៉ី។ ម៉េចបានអាយ៉ង? អត់គោរពរដ្ឋធម្មនុញ្ញ អត់គោរពច្បាប់ តុលាការកំពូល ឲ្យជនក្បត់ជាតិចូលមកបាន»។

បើតាមបណ្ឌិត សុខ ទូច ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ចៀសផុតពីការរិះគន់ គឺត្រូវតែប្រើគ្រប់នីតិវិធី ក្នុងការទប់ស្កាត់ហេតុការណ៍អាក្រក់ទាំងឡាយ មិនឲ្យកើតមានបាន។ លោកថ្លែងថា «អញ្ចឹងដើម្បីចៀសវាងអាយ៉ង ជារដ្ឋាភិបាលស្របច្បាប់ ត្រូវតែប្រើប្រាស់គ្រប់នីតិវិធី សម្រាប់ទប់ស្កាត់នូវហេតុការណ៍ ដែលកើតមានឡើង»។

ជាមួយគ្នានេះ លោកបណ្ឌិត ឌៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានវិភាគស្រដៀងគ្នានឹងបណ្ឌិត សុខ ទូច ផងដែរថា ទណ្ឌិត សម រង្ស៉ី នឹងមិនអាចវិលមកកម្ពុជាវិញបាននោះទេ។ បើតាមបណ្ឌិត ឌៀប សុផល បានហៅទណ្ឌិត សម រង្ស៉ី គឺជាអ្នកនយោបាយទុច្ចរិត ធ្វើនយោបាយបង្កភាពអនាធិបតេយ្យដល់សង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿចិត្ត។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានរំលឹកថា សកម្មភាពរបស់ទណ្ឌិត សម រង្ស៉ី ត្រូវបានបង្ហាញយ៉ាងច្បាស់ថា ជាមនោគមន៍វិជ្ជាអនាធិបតេយ្យ តាំងតែពីឆ្នាំ២០១៣មកម្លេះ។

បណ្ឌិត ឌៀប សុផល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះហើយដែលជាទុច្ចរិតនយោបាយ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយខុសច្បាប់ គឺជាការប្រកាសសង្គ្រាម ហើយតែកាលណាសង្គ្រាម ហើយវាគ្មានទេនយោបាយ នយោបាយត្រូវបានបញ្ចប់ហើយ»។

លោកបន្តថា «ផែនការវិលត្រឡប់របស់ សម រង្ស៉ី គ្រាន់តែជាវិធានការមួយកកូរសង្គម ឲ្យលេចឡើងភាពអនាធិបតេយ្យ ក៏ប៉ុន្តែសេចក្តីសប្បាយនឹងសនិ្តភាព និងការរកស៉ីមានបានរបស់ប្រជាជន ការកកូរសង្គមនេះមិនអាចទៅរួចទេ»។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ ទន្ទឹមនឹងការប្រកាស ពីការវិលត្រឡប់របស់ខ្លួន ទណ្ឌិត សម រង្ស៉ី ថែមទាំងបានឆ្លៀតវាយប្រហារឥតឈប់ឈរ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអះអាងថា នឹងចាប់ខ្លួនសម្តេចតេជោ ហ៊ុន សែន ផងដែរ។

បន្ថែមលើនេះ ក្រៅពីវាយប្រហារប្រមុខដឹកនាំរាជរដ្ឋាភិបាលមិនអស់ចិត្ត ទណ្ឌិត សម រង្ស៉ី បានវាយហារខ្លាំងៗ និងជេរប្រមាថអង្គព្រះមហាក្សត្រនៃកម្ពុជា ទៀតផង។ ទង្វើប្រមាថអង្គព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៉ី ត្រូវបានប្រជារាស្ត្រខ្មែរទូរទាំងនគរ ចេញមុខថ្កោលទោសគ្រប់ៗគ្នាផងដែរ៕



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv