ក្រុងសៀមរាប រៀបចំក្រុងយ៉ាងស្រស់បំព្រង ដើម្បីទទួលភ្ញៀវទេសចរ អំឡុងពេលសម្រាក៥ថ្ងៃ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ក្រុងសៀមរាប រៀបចំក្រុងយ៉ាងស្រស់បំព្រង ដើម្បីទទួលភ្ញៀវទេសចរ អំឡុងពេលសម្រាក៥ថ្ងៃ, អាជ្ញាធរបិទផ្លូវមួយចំនួនសិន

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ខាងរដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (ស.ស.យ.ក) បានបិទផ្លូវមួយចំនួន តាមផែនទីដែលបានបង្ហាញមកជាមួយនេះ ដើម្បីទុកលទ្ធភាពជូនតំបន់នីមួយៗ នៃកម្មវិធី «សម្រាកសៀមរាប» មានពេលគ្រប់គ្រាន់ក្នុងការរៀបចំទីតាំងរបស់ខ្លួន និងរៀបចំវិធានការពារ បង្ការការឆ្លងនៃជំងឺកូវីដ-១៩។

ក្នុងនោះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចេញវីដេអូ ក្រោមចំណងជើងថា «សៀមរាបសូមស្វាគមន៍ និងចូលរួមប្រយុទ្ធប្រឆាំងមេរោគ កូវីដ-១៩»។

ការប្រកាបិទផ្លូវបណ្តោះអាសន្ននេះ គឺនៅលើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗ មួយចំនួន នៅក្នុងក្រុងសៀមរាប ដូចខាងក្រោម៖

* កំណាត់ផ្លូវជាតិលេខ៦ (ផ្លូវមុខព្រះរាជដំណាក់) ចាប់ពីចំណុចគល់ស្ពានថ្មព្រះរាជដំណាក់ ដល់ចំណុចមុខសណ្ឋាគារ J7 ចាប់ពីម៉ោង ១២៖០០នាទី ថ្ងៃត្រង់ ដល់ម៉ោង ២១៖០០នាទីយប់

* កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង) ចាប់ពីចំណុច ស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ចំណុចស្ពានវត្តរាជបូព៌ និងកំណាត់ផ្លូវដែលច្រកចូលមកកាន់ ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិច មាត់ស្ទឹង) ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ២១៖០០នាទីយប់

* កំណាត់ផ្លូវស៉ីវត្ថា ចាប់ពីចំណុចអតីតសាលាមត្តេយ្យត្រីកោណ ដល់ចំណុចផ្លូវចូលសុខសាន្ត ចាប់ពីម៉ោង ១៨៖០០នាទីល្ងាច ដល់ម៉ោង ២៤៖០០នាទីយប់។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមកុំភ្លេចនូវចំណុចចំនួន ៣ដែលសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តវិធានការ ការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក។

ចំណុចសំខាន់ទាំង៣ រួមមាន៖
*ទី១៖ កុំភ្លេច ត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា
*ទី២៖ កុំភ្លេច ជែល ឬអាល់កុលលាងដៃ «យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ»
*ទី៣៖ កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម «ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩»។

សូមរំលឹកថា ចំពោះកម្មវិធីវិញ មានដូចជា៖
*កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
*កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
*កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
*ផ្សារទឹក
*ផាប់ស្ទ្រីត
*កម្មវិធីជិះកង់
*កម្មវិធីកីឡាវាយកូនហ្គោល
*កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
*មានកម្មវិធីផ្ទាំងទស្សនីយភាពសិល្បៈចាប់ពីថ្ងៃទី១៧ រហូតដល់ ទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.