ក្រសួងសុខាភិបាល ចំណាយថវិកាជាង ៤.៥លានដុល្លារ ទិញសម្ភារពេទ្យ និងបរិក្ខារមួយចំនួន...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ក្រសួងសុខាភិបាល ចំណាយថវិកាជាង ៤.៥លានដុល្លារ ទិញសម្ភារពេទ្យ និងបរិក្ខារមួយចំនួនសម្រាប់ការពារពីជំងឺកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានចំណាយថវិកាប្រមាណជាង ៤.៥លានដុល្លារហើយ លើការទិញសម្ភារពេទ្យ និងបរិក្ខារមួយចំនួន ដើម្បីផ្ដល់ជូនដល់គ្រប់២៥ខេត្ត-ក្រុង សម្រាប់ការពារពីជំងឺកូវីដ១៩។ នេះបើតាមការអះអាង របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ការអះអាងរបស់ លោកស្រី យក់ សម្បត្តិ បានធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាល។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រហូតមកដល់ថ្ងៃនេះ គឺយើងទទួលថវិកាជាតិ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបទាំងអស់បាន ៤លាន ៥សែនដុល្លារ ជាការប៉ាន់ស្មាន់ ជាស្តែងគោលការណ៍សុំបាន ៦លានដុល្លារ ហើយទទួលបាន ៤លាន ៥សែន ហើយថវិកាទាំងអស់នោះ យើងប្រើប្រាស់ សម្រាប់ទិញសម្ភារបរិក្ខាផ្គត់ផ្គង់ ដើម្បីជួយដល់គ្រប់ ២៥ខេត្ត-ក្រុង និងមន្ទីរពេទ្យខ្មែរូវៀត និងមន្ទីរពេទ្យចាក់អង្រែ»។

«ថវិកាទី២ គឺជាថវិការបស់សប្បុរសជន តាមរយៈការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ហើយរហូតមកដល់ថ្ងៃនេះ យើងទទួលបានថវិកាសរុប ១៣លានដុល្លារ ហើយយើងបានប្រើប្រាស់អស់ប្រមាណ ៥លានដុល្លារ ក៏ប៉ុន្តែ មិនទាន់បានបូកជាមួយថវិកា ១លានដុល្លារ ដែលបានផ្ទេរ ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ទ្រទ្រង់ក្នុងការផ្គត់ផ្គង់ព្យាបាល ធ្វើតេស្តដល់កម្មករ ដែលត្រឡប់មកភ្នំពេញវិញ»។

លោកស្រីបញ្ជាក់ថា ៥លានដុល្លារនេះ គឺមិនទាន់បានបូក ជាមួយនឹង១លានដុល្លារ ដែលបានផ្ទេរទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ទ្រទ្រង់ ក្នុងការផ្គត់ផ្គង់ព្យាបាល និងធ្វើតេស្ដដល់កម្មករ ដែលត្រឡប់មកភ្នំពេញវិញទេ។

លើសពីនោះទៀត លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា ជិត៥លានដុល្លារ ដែលក្រសួងសុខាភិបាលបានចំណាយ ក្រសួងបានទិញម៉ាស សម្រាប់ពាក់ទូទៅ សរុបចំនួន១១លានម៉ាស តាមផែនការរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានដាក់ជូនមកក្រសួង ហើយក្រសួង ក៏បានផ្ទេរថវិកាចប់សព្វគ្រប់ផងដែរ នៅតែទទួលម៉ាស បញ្ចូលក្នុងឃ្លាំងតែប៉ុណ្ណោះ។

ចំពោះឃ្លាំងស្ដុបវិញ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា សព្វថ្ងៃគឺយើង មានឃ្លាំងស្ដុបចំនួន២៖ ឃ្លាំងទី១ គឺឃ្លាំងរបស់ក្រសួងសុខាភិបាល នៅផ្លូវជាតិលេខ៣ និងឃ្លាំងមួយទៀត គឺឃ្លាំងយុទ្ធសាស្ដ្រ នៅផ្លូវជាតិលេខ៦អា។

លោកស្រីបន្ដថា ក្នុងឃ្លាំងរបស់ក្រសួងសុខាភិបាល មានម៉ាសសរុប៣លានម៉ាស និងមាន TPE (សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ដ្រីសុខាភិបាល) ប្រហែល ៣ម៉ឺនកំផ្លេ, ម៉ាស N95 ប្រហែល១៣ម៉ឺនម៉ាស និងឃ្លាំងយុទ្ធសាស្ដ្រ មានម៉ាសធម្មតា៥លានម៉ាស, ម៉ាស N95 ចំនួន១៨ម៉ឺនម៉ាស, TPE ចំនួន៥ពាន់កំផ្លេ និងភួយ មុង ខ្នោយ កន្ដេល ចំនួន៥ពាន់សម្រាប់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ អ្នកព្យាបាលជាសះស្បើយពីជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា មានចំនួន១០៧នាក់ (ស្ដ្រី៣០នាក់) និងអ្នកដែលកំពុងសម្រាកព្យាបាល សរុបនៅសល់ចំនួន១៥នាក់ (ស្ដ្រី៨នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ខណៈអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជា សរុបចំនួន១២២នាក់ (ស្ដ្រី៣៨នាក់)៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.