ក្រសួងមុខងារសាធារណៈ បានអះអាងថា គ្មានមន្ដ្រីខ្មោចនៅតាមក្រសួង ស្ថាប័ន...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ក្រសួងមុខងារសាធារណៈ បានអះអាងថា គ្មានមន្ដ្រីខ្មោចនៅតាមក្រសួង ស្ថាប័នរដ្ឋទៀតនោះឡើយ (Video inside)

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការជាមួយមន្ដ្រីរាជការ បានអះអាងថា រហូតមកដល់ពេលនេះ គ្មានទៀតឡើយវត្តមានមន្ដ្រីខ្មោចនៅតាមក្រសួង ស្ថាប័នរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលធ្វើកំណែទម្រង់ជាបន្ដបន្ទាប់ តាមរយៈការបើកប្រាក់បៀវត្សន៍ជាមួយធនាគារជាដើម។

នេះបើតាមការអះអាងរបស់ លោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងមុខងារសាធារណៈ» នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

គួរជម្រាបថា មន្ដ្រីខ្មោច គឺសម្ដៅទៅលើមន្ដ្រីទាំងឡាយណា ដែលមានតែឈ្មោះរង់ចាំបើកប្រាក់ខែ តែគ្មានមន្ដ្រីបំពេញការងារ ឬមន្ដ្រីតែម្នាក់ ប៉ុន្ដែមានក្របខ័ណ្ឌនៅក្រសួងពីរផ្សេងគ្នាជាដើម។ មន្ដ្រីខ្មោច ត្រូវបានលុបបំបាត់ជាបន្ដបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ នៅតាមបណ្ដាក្រសួងស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងការបម្រើប្រជាពលរដ្ឋ។

លោក យក់ ប៊ុនណា បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធមន្ដ្រីខ្មោច កិច្ចការងារនេះយើងបានកាត់អ្នកដែលមានតែឈ្មោះ ហើយអត់មានមនុស្សមកធ្វើការ គឺអត់មានទេ។ បច្ចុប្បន្ននៅក្នុងប្រព័ន្ធ គឺមានមនុស្សពិតប្រាកដ មន្ដ្រីពិតប្រាកដមកធ្វើការ»។

លោកបានបន្ថែមថា ការកែទម្រង់បើកប្រាក់បៀវត្សន៍ដោយដៃតាមអង្គភាព មកជាការបើកប្រាក់បៀវត្សន៍តាមធនាគារ ប្រៀបបានដូចជាការធ្វើជំនឿ មន្ដ្រីរាជការឡើងវិញ ពោលមន្ដ្រីរាជការម្នាក់ត្រូវមានគណនីផ្ទាល់មួយ ហើយនៅពេលទៅបើកគណនីមន្ដ្រីនោះ ត្រូវមានមុខទៅបើកដោយខ្លួនឯង ដូច្នេះបើមានតែឈ្មោះ ហើយគ្មានមុខមន្ដ្រីមិនអាចបើកបាននោះទេ។

ជាមួយគ្នានេះ លោក យក់ ប៊ុនណា ក៏បានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៩កន្លងទៅ ក្រសួងមុខងារសាធារណៈ បានចុះធ្វើអធិការកិច្ចក្នុងវិស័យ មុខងារសាធារណៈ និងរកឃើញករណីបើកប្រាក់បៀវត្សលើស និងចាត់វិធានការឲ្យបង្វែរថវិកាចូលក្នុងរតនាគារវិញ ចំនួន៧,១៩៨,១៣៥,៥១៤រៀល។ ចំនួនថវិកាទាំងអស់នេះ ត្រូវបានរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបញ្ជាក់ថា រកឃើញនៅក្រសួងស្ថាប័នថ្នាក់ជាតិ និងអង្គភាពនៅថ្នាក់ក្រោមជាតិ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv