ក្រសួងផែនការ ពន្យាពេលប្រកាសលទ្ធផលផ្លូវការនៃជំរឿនទូទៅប្រជាជន ដោយសារ Covid 19

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ក្រសួងផែនការ ពន្យារពេលប្រកាសលទ្ធផលផ្លូវការនៃជំរឿនទូទៅប្រជាជន ដោយសារ Covid-19 (Video inside)

(ភ្នំពេញ)៖ ក្រសួងផែនការ ពន្យារពេលប្រកាសលទ្ធផលផ្លូវការ នៃជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ ដោយសារតែការរីករាលដាល នៃវីរុសកូរ៉ូណាថ្មី ឬកូវីដ១៩ (Covidd-19) ដែលជាបញ្ហាប្រឈមសកល។ នេះបើតាមការឲ្យដឹងពីលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងផែនការ» នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកស្រី ហង់ លីណា បានបញ្ជាក់ថា ការពន្យារពេលនេះ គឺដោយសារមន្ដ្រីជំរឿនខ្លះ ក្រសួងជ្រើសរើសចេញពីនិស្សិត ដូច្នេះនៅពេលនេះក្រសួងអប់រំ បានផ្អាកការសិក្សាបណ្ដោះអាសន្ន ធ្វើឲ្យពួកគេត្រឡប់ទៅស្រុកកំណើតឈប់មកបំពេញការងារបណ្ដោះអាសន្នដូចគ្នា។

លោកស្រី ហង់ លីណា បានអះអាងថា សម្រាប់មន្ដ្រីរបស់ក្រសួងផែនការ រហូតមកដល់ពេលនេះ មានមួយចំនួនផ្អាកមកធ្វើការនៅការិយាល័យ ដោយហេតុមកពីការភ័យខ្លាច នៃការរីករាលដាលវីរុសកូវីដ១៩។ លោកស្រីបញ្ជាក់ថា នៅកន្លែងធ្វើការមន្ដ្រីទាំងអស់ត្រូវប្រមូលផ្ដុំគ្នាច្រើន ប្រហែលជាង១០០នាក់ ដូច្នេះហើយដើម្បីទប់ស្កាត់ការឆ្លង ពួកគាត់ត្រូវបង្ខំចិត្តផ្អាកមកធ្វើការបណ្ដោះអាសន្ន។

អគ្គនាយកវិទ្យាស្ថានស្ថិតិរូបនេះ បានគូសបញ្ជាក់ទៀតថា សម្រាប់ពេលកំណត់ណាមួយ នៃការប្រកាសលទ្ធផលផ្លូវការនេះ លោកស្រីមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយរង់ចាំមើលការស្ងប់ស្ងាត់ទៅវិញ នៃវីរុសកូវីដ១៩ ទើបមន្ដ្រី និងបុគ្គលផ្នែកជំរឿនវិលត្រឡប់ចូលធ្វើការវិញដូចធម្មតា។

សូមរំលឹកថា តាមការគ្រោងទុកនាពេលកន្លងទៅ លទ្ធផលផ្លូវការ នៃការធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ នឹងត្រូវបង្ហាញជាផ្លូវការ នៅខែកក្កដា ឆ្នាំ២០២០ ក្រោយបិទបញ្ចប់ទាំងស្រុង។

តាមតួលេខបណ្តោះអាសន្ន ក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន១៥,២៨៨,៤៨៩នាក់ ក្នុងនោះ មានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។ តួលេខទាំងនេះ មិនរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសឡើយ។

គួរជម្រាបថា គិតមកដល់យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ដល់៣៧នាក់។ អ្នកឆ្លងទាំងអស់នោះ ត្រូវបានយកទៅដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យព្យាបាល៕
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv