ការវិនិយោគចម្ការឈើដាំ នឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស..

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ការវិនិយោគចម្ការឈើដាំ នឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាព

(ភ្នំពេញ)៖ ខណៈធនធានធម្មជាតិព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី ប្រជាពលរដ្ឋនៅលើពិភពលោក បច្ចុប្បន្នដូចជានៅអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម បានជ្រើសរើស មិនប្រើប្រាស់គ្រឿងសង្ហារឹម ដែលផលិតពីឈើធម្មជាតិ ប៉ុន្តែគាំទ្រប្រើប្រាស់គ្រឿងសង្ហារឹម ដែលផលិតចេញពីវត្ថុធាតុដើមពីចម្ការឈើដាំ ដែលក្រុមអ្នកជំនាញយល់ឃើញថា វាបានកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងធ្វើឱ្យធនធានធម្មជាតិព្រៃឈើ ត្រូវបានថែរក្សាគង់វង្ស។

ប្រទេសកម្ពុជាដែលមានគម្របព្រៃឈើប្រមាណ ៥០% បាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែងដែលរហូតមកទល់ពេលនេះ តំបន់ការពារពារធ ម្មជាតិមានផ្ទៃដីជាង ៧,២ លានហិកតាស្មើប្រមាណជាង ៤១%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិត ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញឱ្យមានការវិនិយោគ
ចម្ការឈើដាំឱ្យបានច្រើនដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ ប្រកបដោយនិរន្តរភាព ចូលរួមក្នុងការថែរក្សាបរិស្ថាន។

យោងតាមទិន្នន័យរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ឈើកែច្នៃជាច្រើនម៉ឺនម៉ែត្រគូបត្រូវ បានផលិតនិងនាំចេញទៅលក់នៅក្រៅប្រទេស ហើយដោយសារតែវត្ថុធាតុដើមឈើកែច្នៃ នៅក្នុងស្រុកមិន ទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ក្រុមហ៊ុនកែច្នៃឈើជាក្តារកុងប៉ាកេ ការ៉ូឈើ និងគ្រឿងសង្ហារឹម សម្ភារៈផ្ទះបាយ តុទូ និងសម្ភារផ្សេងៗ បាននាំចូលវត្ថុធាតុដើមជាឈើដាំ ពីបរទេសអាស្រ័យ លើការបញ្ជាទិញពីអតិថិជន។

លោក ស្តេវិន ចាវ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនកែច្នៃឈើម្នាក់ទៀត បានថ្លែងថាក្រុមហ៊ុនរបស់លោកបានទទួលទិញ ឈើប្រភេទដើមអាកាស្យាពី អ្នកដាំក្នុងស្រុកមកធ្វើការកែច្នៃ។

ចំណែកលោក លីវ សៀងលីន ប្រធានរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ខូវវីនវូដ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានថ្លែងថា ផលិតផលដែលផលិតនៅកម្ពុជា បាននាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លោក លីវ សៀងលីន មានប្រសាសន៍ស្វាគមន៍ ចំពោះគម្រោងការដាំឈើ សម្រាប់កែច្នៃដោយលោកថ្លែងថា ប្រសិនបើមានវត្ថុធាតុដើមឈើកែច្នៃ នៅក្នុងស្រុកកាន់តែច្រើននឹងចូលរួម កាត់បន្ថយការនាំចូលឈើកែច្នៃពីក្រៅប្រទេស ហើយក្រុមហ៊ុនលោកត្រៀមទទួលទិញដើម្បីកែច្នៃ។

ទាក់ទងនឹងការវិនិយោគចម្ការឈើដាំនេះ ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) ទទួលបានសិទ្ធិ ប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទតាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីលើផ្ទៃដីសរុបទំហំ ៣៤ ០០៧ ហិកតា នៅលើដី របស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លោក លូ ឈូឆាង នាយកប្រតិបត្តិនៃក្រុមហ៊ុនស៊ីង បាយអូថេក និងជាប្រធានសមាគមឧស្សាហកម្មកែច្នៃឈើបានថ្លែងថា៖ «ក្រោយពីមានការប្រាស់ប្តូរថ្នាក់ដឹកនាំថ្មី នៅចុងឆ្នាំ ២០១៨ ក្រុមហ៊ុនស៊ីងបាយអូថេកបានរៀបចំ ផែនការវិនិយោគរបស់ខ្លួន ដោយបានកំណត់ផែនការដាំកូនឈើជាង ៣០ លានដើមពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ នៅលើផ្ទៃដី ៣៤០០៧ ហិកតារបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែង ដែលទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ»។

លោក លូ ឈូឆាង បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍចម្ការឈើដាំមានគុណតម្លៃ ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមឈើ សម្រាប់ឧស្សាហកម្មកែច្នៃឈើ ខណៈការសាងសង់សំណង់នៅកម្ពុជា បាននិងកំពុងរីកចម្រើន និងកើនឡើងខ្ពស់ជាពិសេស នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដែលគម្រោងសាងសង់អគារថ្មីៗ ជាច្រើនកើតឡើងស្គុះស្គាយ»។

លោក លូ ឈូឆាង បានសង្កត់ធ្ងន់ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ មក ក្រុមហ៊ុន ស៊ីងបាយអូថេក បានចាប់ផ្តើមឈូសឆាយលើផ្ទៃដី ទំហំ៥០០០ហិកតា ហើយគ្រោងនឹងចាប់ផ្តើមដាំដុះកូនឈើ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ លើ ផ្ទៃដីដែលបានឈូសឆាយទាំងអស់ ដោយគ្រោងដាំឈើប្រមាណជិត ៧លានដើម។

នៅឆ្នាំ ២០២១ និង២០២២ ក្រុមហ៊ុនគ្រោងធ្វើការ ឈូសឆាយលើផ្ទៃដី ១០ ០០០ ហិកតាក្នុងមួយឆ្នាំ និងដាំកូនឈើសរុបចំនួន ជាង ២៥ លានដើម។

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv