កម្ពុជា ចិន ប្តេជ្ញាដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែមករា​ Vannak

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

កម្ពុជា-ចិន ប្តេជ្ញាដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែមករា ឆ្នាំក្រោយ (Video inside)

(ភ្នំពេញ)៖ ទោះបីជាមិនទាន់ចុះហត្ថលេខាជាផ្លូវការក៏ដោយ ប៉ុន្តែកម្ពុជា-ចិន បានបង្ហាញការប្តេជ្ញាចិត្តថា នឹងដាក់ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ចាប់ពីខែមករា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ នេះបើតាមការអះអាងរបស់ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា រហូតដល់ពេលនេះ ការចរចាលើការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន បានបញ្ចប់ហើយ ដោយភាគីទាំងពីរ បានយកពង្រៀងកិច្ចព្រមព្រៀងនេះ បញ្ជូនឱ្យរដ្ឋាភិបាលប្រទេសទាំងពីរពិនិត្យទៅវិញទៅមក។ បន្ទាប់ពីពិនិត្យហើយនោះ ភាគីទាំងពីរនឹងរងចាំពេលវេលាសមស្របមួយ ដើម្បីចុះហត្ថលេខា ហើយបន្ទាប់ពីនោះ នឹងរៀបចំជាច្បាប់តាមនីតិវិធី ដើម្បីដាក់ឱ្យអនុវត្ត។

លោកបញ្ជាក់ថា៖ « (ក្រោយចុះហត្ថលេខា) យើងនឹងយកឯកសារហ្នឹងមកឆ្លងគណៈរដ្ឋមន្រ្តី រដ្ឋសភា ព្រឹទ្ធសភា បានដាក់ចេញជាច្បាប់ ហើយយើងនឹងបញ្ជូនលិខិតូបករណ៍ ស្តីពីការផ្តល់សច្ចាប័ននេះទៅចិន ធ្វើយ៉ាងណាឱ្យគោលដៅរបស់យើងអាច អនុវត្តកិច្ចព្រមព្រៀងបាននៅខែមករា ឆ្នាំ២០២១»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សា ពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅ ពាណិជ្ជកម្មសរុបចំនួន ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។

ក្រៅពីចិន និងកូរ៉េខាងត្បូង ប្រទេសកម្ពុជា ក៏គ្រោងនឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) មានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ី។ ត្រង់ចំណុចនេះ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងរវាងប្រទេសជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវាដោយសេរី មិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ។ និយាយជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និងគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.