កម្ពុជាមានសមត្ថភាពផលិតស៊ីម៉ង់ត៍បាន៨លានតោនក្នុង១ឆ្នាំ ចំណេញប្រាក់៥០០លានដុល្លារ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(ប្រសាសន៍ដើម) កម្ពុជាមានសមត្ថភាពផលិតស៊ីម៉ង់ត៍បាន៨លានតោនក្នុង១ឆ្នាំ ចំណេញប្រាក់៥០០លានដុល្លារពីការនាំចូលស៊ីម៉ង់ត៍ (Video inside)

(កំពត)៖ ថ្លែងក្នុងឱកាសបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្ររបស់ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង ដែលជារោងចក្រផលិតស៊ីម៉ង់ត៍ទី៥ នៅលើទឹកដីខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានសមត្ថភាពផលិតស៊ីម៉ង់ត៍ បាន៨លានតោនក្នុង១ឆ្នាំ ដែលគិតជាទឹកប្រាក់ចំណេញបានថវិកា៥០០លានដុល្លារ ពីការនាំចូលស៊ីម៉ង់ត៍ ពីក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សមត្ថភាពផលិតស៊ីម៉ង់ត៍របស់យើងគិតមកពេលនេះ មានប្រមាណជិត៨លានតោន ក៏វាបានចំណេញថវិកាប្រមាណ៥០០លានដុល្លារសហរដ្ឋអាមរិក ដែលយើងមិនត្រូវយកទៅទិញពីបរទេសនោះទេ នេះហើយគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផលិតនូវអ្វីដែលយើងអាចផលិតបាន ជំនួសពីការនាំចូលពីបរទេស និងរហូតយើងអាចមានសមត្ថភាពនាំចេញទៅក្រៅប្រទេសទៀតផង»។

សម្តេចតេជោ ហ៊ុន សែន បានមើលឃើញពីតម្រូវការស៊ីម៉ង់ត៍ របស់កម្ពុជា ដែលចេះតែកើនឡើងជាលំដាប់ ខណៈដែលកម្ពុជាត្រូវការនាំចូលមកពីបរទេស សម្រាប់បំពេញតម្រូវការខ្វះខាតផងដែរ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពាក់ព័ន្ធការកសាងរោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានជំរុញ ការអភិវឌ្ឍឱ្យមានភាពរីកដុះដាល ជាបន្តបន្ទាប់រហូតមក។

លោកបន្តថា គិតមកទល់ចុងឆ្នាំ ២០១៩នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន០៥ ដែលផ្តល់ការងារក្នុងរោងចក្រជូនប្រជាពលរដ្ឋសរុបបានចំនួន
ប្រមាណ២៧០០នាក់ មានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ៨លានតោនក្នុងមួយឆ្នាំ មានទុនវិនិយោគសរុបប្រមាណ ៨០០លានដុល្លាអាមេរិក។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៧ និង២០១៨ កម្ពុជាសម្រេចបាននូវការផ្គត់ផ្គង់ស៊ីម៉ង់ត៍ផលិតក្នុងស្រុក បានតាមសេចក្តីត្រូវការទាំងស្រុង ប៉ុន្តែដោយសារកំណើន នៃការសាងសង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ននានាមានការកើនឡើង យ៉ាងគំហុកក្នុងរយៈកាលឆ្នាំ ២០១៨ និង២០១៩ ចុងក្រោយនេះ ការផលិតស៊ីម៉ង់ត៍ក្នុងស្រុក មិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការទីផ្សារ ធ្វើឲ្យមានការនាំចូលផលិតផលស៊ីម៉ង់ត៍ពីបរទេសនូវបរិមាណតិចតួច ដើម្បីបង្រ្កប់នូវតម្រូវការ។

លោកបន្តថា ក្រៅពីស៊ីម៉ង់ត៍ កម្ពុជាក៏មានខ្សាច់ ថ្ម និងក្រូស ឡាតេរីតសម្រាប់ផ្គត់ផ្គង់តម្រូវការលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ស្ពាន វារីអគ្គិសនី ទំនប់ធារាសាស្ត្រ និងសំណង់នានាទូទាំងប្រទេស ដែលវិស័យនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងក្លាផងដែរ។

លោករដ្ឋមន្ត្រីបន្ថែមថា ចំពោះរោងចក្ររបស់ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង (THAI BOON ROONG CEMENT CO., LTD) ដែលរៀបចំសម្ពោធដាក់ឱ្យដំណើរការផលិតស៊ីម៉ង់ត៍ជាផ្លូវការនៅថ្ងៃនេះ ជារោងចក្រផលិតស៊ីម៉ង់ត៍ទី៥ ហើយក៏ជាសមិទ្ធផលថ្មីមួយទៀត នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា មានទីតាំងនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មានទំហំផ្ទៃដីរោងចក្រ និងដីសម្បទានអាជីវកម្មថ្មកំបោរសរុបមាន ទំហំ៦៧៨.៤ហិចតា (ក្នុងនោះផ្ទៃដីរោងចក្រមានទំហំ៩១ហិចតា) ក្នុងគម្រោងទុនវិនិយោគប្រមាណ ១១០លានដុល្លារអាមេរិក ជាការវិនិយោគរួមគ្នា មានសមាសសភាពភាគហ៊ុន គឺលោកឧកញ៉ា ខូវ សម្បត្តិ សញ្ជាតិខ្មែរ លោក ខូវ ម៉េងងឺ សញ្ជាតិខ្មែរ និងលោក ប៉េង យីស៊ីង (PENG YIXING) សញ្ជាតិចិន។

លោក ស៊ុយ សែម បញ្ជាក់ទៀតថា រោងចក្រនេះមានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ២៥០០តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ ហើយក្រុមហ៊ុនបានផលិតស៊ីម៉ង់ត៍២ ប្រភេទ ដែលប្រភេទទី១ ផលិតជាស៊ីម៉ង់ត៍ប៉ាវ ម៉ាក lion cement មានសំបកកញ្ចប់ពណ៌ក្រហម ប្រើសម្រាប់សំណង់ស្ពាន ថ្នល់ អាគារ និងសំណង់ស៊ីវិលទូទៅ និងប្រភេទទី២ ស៊ីម៉ង់ត៍សម្រាប់បូក ម៉ាក lion cement មានសំបកកញ្ចប់ព៌ណទឹកប៊ិចប្រើសម្រាប់ការងារតុបតែង ខាងក្នុងជញ្ជាំង ។

សូមជម្រាបថា រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត៨លានតោនក្នុងមួយឆ្នាំ រួមមាន៖

១៖ រោងចក្រស៊ីម៉ង់តិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

២៖ រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។

៣៖ រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

៤៖ រោងចក្រស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ២លានតោនក្នុងមួយឆ្នាំ។

៥៖ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ស្ថិតនៅស្រុកដងទុង ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ១លានតោនក្នុងមួយឆ្នាំ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv