កម្ពុជាផ្តល់នូវអនុសាសន៍សំខាន់ៗ៦ចំណុច ដល់ប្រទេសសមាជិកអាស៊ាន...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

កម្ពុជាផ្តល់នូវអនុសាសន៍សំខាន់ៗ៦ចំណុច ដល់ប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីសុខដុមនីយកម្មវិស័យសុខាភិបាល (Video inside)

(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន៦ចំណុច ជូនដល់ប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីរួមគ្នាក្នុងការធ្វើឲ្យតំបន់អាស៊ានទាំងមូល មានសុខដុមនីយកម្មវិស័យសុខាភិបាល។

ការចែករំលែននូវអនុសាសន៍សំខាន់ៗទាំង៦ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសដែលសម្តេចអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើកកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ជាមួយនឹងទិសដៅសម្រាប់អនាគត នៃសុខុមាលភាពសហគមន៍អាស៊ាន គឺទាំងអស់គ្នាមានសុខភាព កាន់តែល្អប្រសើរ សម្តេចសូមចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គពិធីដូចខាងក្រោម៖

ទី១៖ ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ និង ជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូលឱ្យកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាពសេវាសុខាភិបាល។

ទី២៖ អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈឆ្លើយតប ទៅនឹងគ្រោះមហន្តរាយផ្នែកសុខភាពសាធារណៈ ជាពិសេសការ ផ្ទុះឡើងនៃជំងឺឆ្លង នៅក្នុងតំបន់អាស៊ាន និងគ្រោះមហន្តរាយនានា ដែលបង្កឡើងដោយសារការផ្លាស់ប្តូរអាកាសធាតុ។

ទី៣៖ អាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាត នៃបច្ចេកវិទ្យាវេជ្ជសាស្ត្រតាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមកនូវចំណុចខ្វះខាត, ជួយកសាងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និង ធនធានមនុស្ស ជាពិសេសត្រូវបំពាក់បំប៉ននូវចំណេះដឹង និង ជំនាញបច្ចេកទេស សមស្របតាមនិយាមអន្តរជាតិ និង បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ភាពជឿជាក់។

ទី៤៖ អាស៊ានត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ នៃវិស័យសុខាភិបាល, ចែករំលែកនូវព័ត៌មានចំណេះដឹងបទពិសោធន៍ បច្ចេកវិទ្យា និង បច្ចេកទេសជាប្រចាំ ដើម្បីរិះរកវិធីសាស្ត្រនឹងតម្រូវការចាំបាច់សម្រាប់អនុវត្តរមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា នៅក្នុងប្រទេសអាស៊ាន និងនៅក្នុងតំបន់។

ទី៥៖ អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និង អន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ, ការបន្តពង្រឹងក្របខណ្ឌច្បាប់, ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប់ជាប្រចាំ,និង ការបន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។

ទី៦៖ អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍ និង អង្គការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និងសកលលោក ដែលមានស្រាប់ និង បង្កើតយន្តការ ឬ គោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកា សម្រាប់ការទប់ស្កាត់ឱសថក្លែងក្លាយនិង អន់គុណភាព។

សូមជម្រាបថា កិច្ចប្រជុំប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាននេះ ពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖ ១៖ ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព, ២៖ ការធានានិរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព, ៣៖ ការពង្រឹងសមត្ថភាព ក្នុងការអនុវត្ត និយ័តកម្មសុខភាពអន្តរជាតិ របស់អង្គការសុខភាពពិភពលោក និង៤៖ នវានុវត្តន៍នៃការពង្រឹងសេវាថែទាំសុខភាព។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរសរុបប្រមាណ៣០០នាក់៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv