កម្ពុជាប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់ CLMTV ក្នុងការរៀបចំរបបសន្តិសុខសង្គម

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

កម្ពុជាប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់ CLMTV ក្នុងការរៀបចំរបបសន្តិសុខសង្គម សម្រាប់ពលករក្រៅប្រទេស

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេតេជោ ហ៊ុន សែន បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ CLMTV ដែលគិតគូរអំពីចល័តភាព នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ ដើម្បីបង្កលទ្ធភាពឱ្យពលករទាំងនោះ នៅតែទទួលបានអត្ថប្រយោជន៍ពី របបសន្តិសុខសង្គម ទោះបីពួកគេផ្លាស់ទីកន្លែងធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬពីប្រទេសមួយទៅប្រទេសមួយក៏ដោយ។

គំនិតផ្តួចផ្តើមប្រទសទាំង៥ ដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នេះ នឹងផ្តល់សារប្រយោជន៍ដល់ពលករក្រៅប្រទេស ឱ្យទទួលបានការបន្តអតីតភាពការងារ ទោះបីជាពួកគេត្រូវផ្លាស់ប្តូរប្រទេសធ្វើការយ៉ាងណាក៏ដោយ។

ថ្លែងក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចំណុចនេះមិនមែនជាគោលបំណងដោយឡែករបស់កម្ពុជានោះទេ ប៉ុន្តែជាគោលបំណងរួមគ្នានៃបណ្តាប្រទេស CLMTV ក៏ដូចជាសហគមន៍អាស៊ាន និងបណ្តាប្រទេសនានាលើសកលលោកផងដែរ»។

សម្តេចបានបន្តថា ក្នុងនាមជាសមាជិកនៃកិច្ចសហប្រតិបត្តិការលើវិស័យការងារនៃប្រទេស CLMTV កម្ពុជាសូមសម្តែងនូវការគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមនេះ។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ទាំងពលករទេសន្តរប្រវេសន៍កម្ពុជាដែលទៅធ្វើការនៅបរទេស ទាំងពលករទេសន្តរប្រវេសន៍បរទេសដែលមកធ្វើការនៅកម្ពុជា។ ទន្ទឹមនឹងបទប្បញ្ញត្តិជាតិនេះ កម្ពុជាបានធ្វើ និងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយប្រទេសមួយចំនួនក្នុងចំណោមប្រទេសទាំង៤ផងដែរ។ ទាំងនេះគឺជាការចូលរួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នូវសេចក្តីថ្លែងការណ៍អាស៊ានទីក្រុងសេប៊ូ និងឯកច្ឆ័ន្ធភាពស៊ានទីក្រុងម៉ានីល និងជាការជំរុញឱ្យគោលបំណងនៃប្រទេស CLMTV ដែលបានឯកភាពគ្នាពាក់ព័ន្ធនឹងចល័តភាពនៃរបបសន្តិសុខសង្គម ទទួលបានជោគជ័យ។

ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ប្រទេសហ្វីលីពីនគឺជាអ្នកបញ្ជូនពលករទៅធ្វើការងារក្រៅប្រទេសច្រើនជាងគេបង្អស់ ខណៈដែលកម្ពុជាមានពលករប្រមាណ១,២លាននាក់ កំពុងធ្វើការនៅក្រៅប្រទេស ក្នុងនោះមានប្រទេសថៃច្រើនជាងគេ បន្ទាប់មកគឺនៅកូរ៉េខាងត្បូង។ ចំណែកប្រទេសអាស៊ាន ដែលកំពុងខ្វះខាតកម្លាំងពលកម្មមានដូចជាប្រទេសប្រ៊ុយណេ សិង្ហបុរី និងម៉ឡេស៊ីជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយច្បាស់លាស់ទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកំណែទម្រង់គ្រប់វិស័យ។

សម្តេចបានគូសបញ្ជាក់ថា ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍរបបសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម។ សម្រាប់របបសន្តិសុខសង្គម ក្របខណ្ឌគោលនយោបាយនេះបានគិតគូរដល់មន្ត្រីរាជការសាធារណៈ កម្មករនិយោជិតវិស័យឯកជន ដោយបង្កើតឱ្យមានរបបធានារ៉ាប់រងសង្គមផ្នែកសុខុមាលភាព ជរាភាព ទុព្វលភាព មរណភាព និងហានិភ័យការងារ ដើម្បីធានាបាននូវសន្តិសុខប្រាក់ចំណូល បង្កើនផលិតភាពការងារ និងយុត្តិធម៌សង្គម។

សម្តេចបន្ថែមថា ជាលទ្ធផល កម្ពុជាបានដាក់ឱ្យដំណើរការនូវរបបហានិភ័យការងារ ថែទាំសុខភាព និងសោធននិវត្តន៍ដែលគ្របដណ្តប់លើសហគ្រាស គ្រឹះស្ថាន ផ្នែកផលិតកម្ម ផ្នែកសេវាកម្ម និងផ្នែកសាធារណៈ ស្ទើរតែ១០០%នៃកម្មករនិយោជិត និងមន្ត្រីសាធារណៈ។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងរៀបចំ និងដាក់ឱ្យអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅឆ្នាំ២០១៨នេះ ដើម្បីពង្រីកវិសាលភាពបន្ថែមដល់ប្រជាពលរដ្ឋដែលប្រកបរបរស្វ័យនិយោជន៍និងពលករទេសន្តរប្រវេសន៍ផងដែរ។ តាមរយៈរបបសន្តិសុខសង្គមកម្ពុជានឹងមានប្រព័ន្ធគាំពារសង្គមមួយកាន់តែប្រសើរឡើង ដែលជួយដល់ការអភិវឌ្ឍ សុខុមាលភាពសង្គមជូនដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងធ្វើឱ្យសង្គមកាន់តែមានសមធម៌៕




* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv