កង្វះរោងចក្រសម្លាប់មេរោគលើផ្លែស្វាយ កំពុងក្លាយជាឧបសគ្គធំសម្រាប់ការ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

កង្វះរោងចក្រសម្លាប់មេរោគលើផ្លែស្វាយ កំពុងក្លាយជាឧបសគ្គធំសម្រាប់ការនាំផ្លែស្វាយស្រស់ទៅចិន (Video inside)

(ភ្នំពេញ)៖ កម្ពុជាអាចប្រមូលបានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយឆ្នាំលើផ្ទៃដាំដុះប្រមាណជា ១០ម៉ឺនហិកតា។ តែកម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ និងស្វាយកែច្នៃរួចបានត្រឹមជាង ១៥ម៉ឺនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលជាចំនួននាំចេញដ៏តិចតួចបើធៀបនឹងផ្លែស្វាយប្រមូលផលក្នុងមួយឆ្នាំៗ។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងរកទីផ្សារនៅក្រៅប្រទេសឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីនាំចេញផ្លែស្វាយ។ បើតាមលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានអះអាងថា បច្ចុប្បន្នមានប្រទេសថៃ វៀតណាម ហុងកុង បារាំង និងរុស្ស៉ីជាដើមជាទីផ្សារផ្លែស្វាយស្រស់របស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកការចរចាជាមួយរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ ដើម្បីពង្រីកការនាំចេញផ្លែស្វាយស្រស់ឱ្យបានកាន់តែច្រើនថែមទៀត។

នៅក្នុងសន្និសីទព័ត៌មានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ងិន ឆាយ បានអះអាងថា ប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយសម្រាប់ផ្លែស្វាយរបស់កម្ពុជា បានបើកភ្លើងខៀវឱ្យនាំចូលហើយ បន្ទាប់ពីបានចុះមកពិនិត្យដោយផ្ទាល់ដល់ចំការស្វាយ កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។

លោក ងិន ឆាយ បានបញ្ជាក់យ៉ាងដូច្នេះ «[...] ថ្មីៗកន្លងទៅនេះ ២៣, ២៤, ២៥ ខែវិច្ឆិកា មន្ត្រីភូតគាមអនាម័យ និងមន្ត្រីអគ្គរដ្ឋបាលគយរបស់សាធារណរដ្ឋប្រជាមានិតចិន បានចុះមកវាយតម្លៃកសិដ្ឋានស្វាយនៅប្រទេសកម្ពុជា ដែលគេបានជ្រើសរើស៥ខេត្តសម្រាប់ធ្វើការវាយតម្លៃ។ ក្រោយពីការវាយតម្លៃ ជាមោទនភាពមួយមន្ត្រីជំនាញទាំងពីររូបហ្នឹង បានធ្វើការសន្និដ្ឋានថា កសិដ្ឋានស្វាយដែលដាំដុះនៅកម្ពុជា មានលក្ខណៈល្អប្រសើរ ស្របទៅតាមស្តង់ដារ ដែលអាចនាំទៅប្រទេសចិនបាន»។

បើទោះបីជាយ៉ាងណា មន្ត្រីរបស់ចិន ក៏បានកត់សម្គាល់ថា នៅមានបញ្ហាមួយចំនួនសម្រាប់ផ្លែស្វាយកម្ពុជា ដូចជាអនាម័យនៅក្នុងចំការស្វាយមិនទាន់ស្អាត, មិនទាន់មានយន្តការត្រួតពិនិត្យសមាសភាពចង្រៃ ជាពិសេសសត្វចង្រៃទៅតាមរដូវកាលឱ្យបានច្បាស់លាស់ ហើយការប្រើប្រាស់ថ្នាំកសិកម្មមួយចំនួនក៏មិនទាន់ត្រឹមត្រូវទៅតាមនីតិវិធីកំណត់។

ដើម្បីដោះស្រាយបញ្ហាដែលសេសសល់នេះ គឺទាមទារឱ្យបង្កើតរោងចក្រ ឬទីតាំងសម្រាប់វេចខ្ចប់ឱ្យបានត្រឹមត្រូវ និងសម្លាប់មេរោគ ជាពិសេសសម្លាប់ពពួកដង្កូវរុយ។ ប្រសិនបើមិនបានបង្កើតរោងចក្រ ឬមួយកន្លែងសម្លាប់ហ្នឹងទេ មិនអាចនាំផ្លែស្វាយស្រស់ទៅប្រទេសចិនបាននោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

ពាក់ព័ន្ធនឹងរោងចក្រសម្លាប់មេរោគលើផ្លែស្វាយដើម្បីមានលទ្ធភាពនាំផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ជាបញ្ហាប្រឈមធំមួយនាពេលបច្ចុប្បន្ននេះ ព្រោះកម្ពុជាទើបមានរោងចក្រសម្លាប់មេរោគតែមួយប៉ុណ្ណោះ គឺក្រុមហ៊ុនហ៉ីយ៉ាន់ដាយ មានទីតាំងនៅខេត្តកំពង់ស្ពឺ។ រោងចក្រនេះទើបសាងសង់រួចរាល់នៅឆ្នាំ២០១៩ ហើយមានសមត្ថភាពសម្លាប់មេរោគនៅលើផ្លែស្វាយបានចន្លោះពី២៥ ទៅ៣០តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។

លោកអគ្គនាយកកសិកម្មបានបញ្ជាក់ដូច្នេះ «សព្វថ្ងៃនេះបើយើងនិយាយពីការវិនិយោគទៅលើការសាងសង់កន្លែងសម្លាប់មេរោគនេះ គឺទើបមានតែមួយគត់ គឺមានក្រុមហ៊ុនហ៉ីយ៉ាន់ដាយ ដែលគាត់ទើបបានសាងសង់ចប់នៅឆ្នាំ២០១៩នេះ។ ប៉ុន្តែសមត្ថភាពក្នុងការសម្លាប់មេរោគ ដើម្បីធ្វើការនាំចេញនេះនៅមានកម្រិតទាបណាស់ ក្នុងមួយថ្ងៃបានប្រមាណ ២៥ ទៅ៣០តោនតែប៉ុណ្ណោះទេ។ បើយើងត្រូវការនាំចេញមួយថ្ងៃយ៉ាងតិចក្នុងរដូវប្រមូលផលគឺប្រមាណ ៣ពាន់ ទៅ៤ពាន់តោនក្នុងមួយថ្ងៃ។ អ៊ីចឹងឃើញថា សមត្ថភាពក្នុងការសម្លាប់មេរោគរបស់យើងនៅចោទជាបញ្ហាធំនៅឡើយ។ នេះជាបញ្ហាសំខាន់ដែលយើងត្រូវការសហការទាំងអស់គ្នា ជាពិសេសខាងវិស័យឯកជនផងដែរ»។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា រដ្ឋាភិបាលចិនបើកចំហទីផ្សារសម្រាប់ផ្លែស្វាយកម្ពុជា ដែលអាចនាំចូលប្រមាណ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្រៅពីប្រទេសចិន នៅពេលថ្មីៗនេះប្រទេសកូរ៉េខាងត្បូង ក៏បានបើកភ្លើងខៀវសម្រាប់ផ្លែស្វាយរបស់កម្ពុជាផងដែរ។

បើទោះបីជាទីផ្សារនៅប្រទេសចិន និងកូរ៉េខាងត្បូង បើកភ្លើងខៀវសម្រាប់ផ្លែស្វាយស្រស់របស់កម្ពុជាយ៉ាងណាក្តី តែមានការមើលឃើញថា បើកម្ពុជាមិនអាចបង្កើតរោងចក្រសម្លាប់មេរោគលើផ្លែស្វាយ រោងចក្រវេចខ្ចប់ឱ្យបានច្រើនទេនោះ កម្ពុជានៅតែរាំងស្ទះក្នុងការនាំចេញផ្លែស្វាយ ហើយផ្លែស្វាយនៅតែគរចោលពេលដល់រដូវប្រមូលផ្លែស្វាយម្តងៗ។

លោក ងិន ឆាយ មិនបានដឹងពីទំហំទឹកប្រាក់សម្រាប់ការវិនិយោគលើរោងចក្រសម្លាប់មេរោគផ្លែស្វាយនោះទេ តែលោកបានដឹងថា សម្ភារៈ និងឧបករណ៍សម្រាប់ដំឡើងត្រូវចំណាយក្នុងរង្វង់ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក។ ក្រៅពីនោះក្រសួងកសិកម្ម បានបើកការចរចាជាមួយក្រុមហ៊ុនជាច្រើនរបស់ចិន ដើម្បីចូលមកវិនិយោគបង្កើតរោងចក្រសម្លាប់មេរោគលើផ្លែស្វាយសម្រាប់នាំចេញ។

ឆ្លើយនឹងសំណួរថា តើរាជរដ្ឋាភិបាលគ្រោងនឹងបើកការវិនិយោគពិសេសណាមួយសម្រាប់បង្កើតរោងចក្រសម្លាប់មេរោគលើផ្លែស្វាយនេះដែរឬទេ ដើម្បីកុំឱ្យបាត់ឱកាសក្នុងការនាំចេញផ្លែស្វាយទៅក្រៅប្រទេសនោះ? លោក ងិន ឆាយ បានអះអាងថា កន្លងមកមានតែការធ្វើជាមួយដៃគូអភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយតូច មិនទាន់មានការវិនិយោគពិសេសណាមួយពីរាជរដ្ឋាភិបាលនោះទេ។



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv